បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានតែងតាំងឧត្តមសេនីយ Oleg Salyukov ជាអនុលេខាក្រុមប្រឹក្សាសន្តិសុខជាតិនៅក្រោយពេលដែលលោក Salyukov ត្រូវបានលាលែងពីតួនាទីជាអគ្គមេបញ្ជាការ នៃកងកម្លាំងជើងគោករុស្ស៊ី។
លោកSalyukov បានបញ្ជាកងកំលាំងជើងគោករុស្ស៊ី ដែលជាសាខាធំបំផុតនៃយោធារបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១៤ហើយ មុននោះគាត់ធ្លាប់បានបម្រើការជាអនុប្រធានអគ្គសេនាធិការ និងបានដឹកនាំកម្លាំងយោធាចុងបូព៌ារបស់ប្រទេសរុស្ស៊ីផងដែរ។
នៅឆ្នាំ២០២៣3គាត់បានក្លាយជាមេបញ្ជាការរងនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែនក្រោមការដឹកនាំរបស់ឧត្តមសេនីយ៍កងទ័ព Valery Gerasimov ដែលជាប្រធានអគ្គសេនាធិការ។
លោក Salyukov ក៏ធ្លាប់បានធ្វើការត្រួតពលនៃកងទ័ពរុស្ស៊ីដែលឈរជើងនៅក្នុងប្រទេសបេឡារុស្ស បន្ទាប់ពីកងកម្លាំងយោធារួមមួយត្រូវបានបង្កើតឡើងនៅទីនោះក្នុងខែតុលា ឆ្នាំ២០២២។ លើសពីនេះ លោក៏បានបំពេញការងារក្នុងការត្រួតពិនិត្យក្បួនដង្ហែយោធាថ្ងៃជ័យជំនះលើទីលានក្រហមរយៈពេល១១ឆ្នាំជាប់ៗគ្នាមកហើយ។
ទោះបីជាយ៉ាងណាក្តីលោក Putin មិនបានពន្យល់ជាសាធារណៈអំពីការសម្រេចចិត្តរបស់គាត់ក្នុងការតែងតាំងលោក Salyukov ទៅក្រុមប្រឹក្សាសន្តិសុខ ឬតួនាទីរបស់គាត់ពីមុននោះទេ។ នៅក្នុងតួនាទីថ្មីរបស់គាត់ លោក Salyukov នឹងបម្រើនៅក្រោមអតីតរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សា៕
ប្រែសម្រួល៖ស៊ុនលី
