ហ្គាហ្សា៖ មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងថា តំបន់ហ្គាហ្សាស្ទ្រីប គឺជាកម្មសិទ្ធិត្រឹមត្រូវ និងផ្តាច់មុខ របស់ប្រជាជនប៉ាឡេស្ទីន ហើយ “មិនមែនជាការសាងសង់ សម្រាប់លក់នៅក្នុងទីផ្សារ អចលនទ្រព្យនោះទេ” ដោយសារភាពតានតឹង នៅតែបន្តកើតមានចំពេលប្រតិបត្តិការ យោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ឆ្នេរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីក្រុមហាម៉ាស់ លោក Basem Naim បានឲ្យដឹងថា ប៉ាឡេស្ទីននៅតែប្តេជ្ញាចិត្ត យ៉ាងម៉ឺងម៉ាត់ ចំពោះទឹកដីរបស់ពួកគេ ហើយបានត្រៀមខ្លួនរួចជាស្រេច ក្នុងការលះបង់ចាំបាច់ទាំងអស់ ដើម្បីការពារវា។ ដោយបញ្ចេញមតិលើ ការកត់សម្គាល់នាពេលថ្មីៗនេះរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីការបញ្ចប់ជម្លោះ ជាសកល លោក Naim បានលើកឡើងថា ផែនការបែបនេះ មិនអាចសម្រេចបានឡើយ ដរាបណា “សង្រ្គាមនៅតំបន់ហ្គាហ្សា នៅតែបន្ត”។
លោកបានសង្កត់ធ្ងន់ថា ប្រជាជនប៉ាឡេស្ទីន ក៏ដូចជាប្រជាជាតិដទៃទៀតដែរ ដែលសមនឹងទទួលបានសិទ្ធិ រស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងឯករាជ្យ ។ លោកបានកត់សម្គាល់ថា ក្រុមហាម៉ាស់ បានបង្ហាញពីការត្រៀម ខ្លួនរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី រួមទាំងរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់អរិភាព និងចាប់ផ្តើមដំណើរការនយោបាយ ដែលមានបំណង បង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។
លោកបានចង្អុលបង្ហាញថា ក្រុមនេះបានប្រកាសជា យូរមកហើយនូវឆន្ទៈរបស់ខ្លួន ក្នុងការប្រគល់អភិបាលកិច្ច នៃតំបន់ហ្គាហ្សាទៅឱ្យស្ថាប័នប៉ាឡេស្ទីនយល់ព្រមណាមួយភ្លាមៗសូម្បីតែមុនពេលបញ្ចប់សង្គ្រាមក៏ដោយ។ លោកបានបញ្ជាក់ជាថ្មីថា ប្រជាជនប៉ាឡេស្ទីនតែម្នាក់ឯងមានសិទ្ធិផ្តាច់មុខក្នុងការជ្រើសរើសភាពជាអ្នកដឹកនាំ និងផ្លូវនយោបាយរបស់ពួកគេ តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ដែលជាការទាមទារ ដែលចលនាហាម៉ាស់បានអះអាង ម្តងហើយម្តងទៀត។
លោកក៏បានលើកឡើង ពីបញ្ហាចំណាប់ខ្មាំង របស់អ៊ីស្រាអែល ដោយបញ្ជាក់ថា ក្រុមហាម៉ាស់ បានជូនដំណឹងដល់ភាគី ពាក់ព័ន្ធទាំងអស់អំពីការត្រៀមខ្លួន របស់ខ្លួនក្នុងការចរចា ដោះលែងចំណាប់ខ្មាំង ទាំងអស់ជាថ្នូរនឹងការ បញ្ឈប់ទាំងស្រុងចំពោះអរិភាព និងការដកកងកម្លាំងអ៊ីស្រាអែល។ លោកបានចោទប្រកាន់រដ្ឋាភិបាលអ៊ីស្រាអែល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ថាបានបដិសេធសំណើនេះ ហើយជំនួសមកវិញដោយ ទទូចឱ្យបន្តប្រតិបត្តិការយោធា ខណៈដែលព្យាយាមយកអ្នក ចាប់ជាឯកតោភាគីមកវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
