ព័ត៌មានអន្តរជាតិ

រុស្ស៊ី ចោទបារាំងថា ជាអ្នកនាំមុខ ក្នុងសង្រ្គាមកូនកាត់ ប្រឆាំងនឹងទីក្រុងមូស្គូ

RT News

បរទេស៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននិយាយថា ប្រទេសបារាំងបាន ក្លាយជាមេដឹកនាំមួយនៃ “សង្រ្គាមកូនកាត់” ប្រឆាំងនឹងទីក្រុងមូស្គូ។ លោកស្រីបានធ្វើការ កត់សម្គាល់បែបនេះ បន្ទាប់ពីសហភាពអឺរ៉ុបបានយល់ព្រម លើកញ្ចប់ទណ្ឌកម្មទី១៧ របស់ខ្លួន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសបារាំង រួមជាមួយចក្រភពអង់គ្លេស បានស្នើឱ្យ ‘សម្ព័ន្ធនៃឆន្ទៈ’ ដើរតួនាទី សកម្មបន្ថែមទៀត គាំទ្រអ៊ុយក្រែនក្នុងការ ប្រយុទ្ធរបស់ខ្លួនជាមួយរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីរដ្ឋបាលថ្មីរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្លាស់ប្តូរដើម្បីប្រកាន់ជំហរ សម្របសម្រួលបន្ថែមទៀត ឆ្ពោះទៅរកការដោះស្រាយជម្លោះ។

លោកស្រី Zakharova បាននិយាយក្នុងអំឡុង ការហៅទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា “វាជាការដឹងលឺជាទូទៅ ដែលចាប់តាំងពីឆ្នាំ ២០២២ មក ទីក្រុងប៉ារីសគឺជាអ្នកចូលរួម ដែលមិនមានការចុះសម្រុងគ្នាបំផុត នៅក្នុងសង្រ្គាមកូនកាត់ របស់លោកខាងលិចប្រឆាំងនឹងប្រទេសរបស់យើង” ។

លោកស្រីបានបន្ថែមថា “ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បារាំងបានក្លាយទៅជាមេដឹកនាំនៃ “ភាគីសង្គ្រាម” របស់បស្ចិមប្រទេសយ៉ាងមានប្រសិទ្ធភាព” ដោយលើកឡើង ពីជំនួយយោធារបស់បារាំង ដល់អ៊ុយក្រែន និងការជំរុញឱ្យមានការដាក់ ទណ្ឌកម្មបន្ថែមលើប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top