ព័ត៌មានអន្តរជាតិ

ការផ្អាកពន្ធគយ រវាងអាមេរិក និងចិន បានបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម

xinhua

បរទេស៖ យោងតាមអ្នកវិភាគ បានឱ្យដឹងថា កិច្ចព្រមព្រៀងបណ្តោះអាសន្នរវាងសហរដ្ឋអាមេរិក និងចិន ដើម្បីកាត់បន្ថយពន្ធគយធ្ងន់ធ្ងរ ដែលដាក់លើគ្នាទៅវិញទៅមក និងសហប្រតិបត្តិការ ដើម្បីការពារការរំខានបន្ថែមទៀត ដល់សេដ្ឋកិច្ចពិភពលោក គួរតែមានឥទ្ធិពលវិជ្ជមាន លើពាណិជ្ជកម្ម ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ការផ្លាស់ប្តូរនេះគួរតែបន្ធូរបន្ថយភាព តានតឹងលើខ្សែសង្វាក់ផ្គត់ផ្គង់ ពិភពលោក ដែលប្រឈមនឹងភាពមិនច្បាស់លាស់ ខណៈដែលអ្នកដឹកជញ្ជូនមិនដឹងថា តើទំនិញរបស់ពួកគេនឹងត្រូវបានទទួល យកដោយសារតែពន្ធ របស់សហរដ្ឋអាមេរិកឬអត់។

លោក Sompop Manarungsan អ្នកវិភាគដែលគ្របដណ្តប់សេដ្ឋកិច្ចចិន និងសហរដ្ឋអាមេរិកបាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ភាពមិនច្បាស់លាស់នឹងនៅតែមាន រហូតដល់ប្រទេសទាំងពីរធ្វើការចរចាជុំទីពីរ។

លោកបានបន្តថា «កិច្ចព្រមព្រៀងបណ្ដោះអាសន្នស្ដីពីពន្ធគយ គឺបានធ្វើឲ្យប្រទេសជាច្រើនរួមទាំងប្រទេសថៃមានអារម្មណ៍ទាំងធូរស្រាល និងការព្រួយបារម្ភ»។ លោកថា “ការធូរស្រាលនេះកើតចេញពីជំហរកាន់តែច្បាស់រវាងសត្រូវដ៏ធំបំផុតទាំងពីរនៅក្នុងសង្គ្រាមពន្ធគយ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភគឺទាក់ទងទៅនឹងភាពមិនប្រាកដប្រជាអំពីកិច្ចចរចាជុំទីពីរ”។

យោងតាមលោក Sompop គឺថា កិច្ចព្រមព្រៀងនេះ ជួយធ្វើឱ្យខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកមានស្ថេរភាព និងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាន លើប្រព័ន្ធដឹកជញ្ជូន រួមទាំងការគ្រប់គ្រងសារពើភ័ណ្ឌ ដោយសារអាជីវកម្មបានស្តុកទុកមុនពេលពន្ធចូលជាធរមាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top