តេអេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានឲ្យដឹងថា ការឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក គឺអាចធ្វើទៅបាន ប្រសិនបើអាមេរិក បដិសេធមិនអនុវត្តការ បង្ខិតបង្ខំលើទីក្រុងតេអេរ៉ង់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនសិនហួ។
លោក Pezeshkian បានធ្វើការកត់សម្គាល់នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកាតា ដែលកំពុងបំពេញទស្សនកិច្ច និងជារដ្ឋមន្ត្រីការបរទេសលោក Sheikh Mohammed bin Abdulrahman bin Jassim Al Thani ក្នុងទីក្រុងតេអេរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយ នៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។
លោក Pezeshkian បានលើកឡើងនៅពេលនិយាយអំពីកិច្ចចរចា ដោយប្រយោលដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកថា “ការឈានដល់កិច្ចព្រមព្រៀង ជាមួយសហរដ្ឋអាមេរិក គឺអាចសម្រេចបាន ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើដូច្នេះទាមទារ ឱ្យមានលក្ខខណ្ឌជាមូលដ្ឋានដែលភាគីអាមេរិកបដិសេធពីវិធីសាស្រ្ត នៃការបង្ខិតបង្ខំ” ។ សម្រាប់ផ្នែករបស់លោកវិញ លោក Al Thani បានសម្តែងការគាំទ្រ របស់ប្រទេសកាតាសម្រាប់អ៊ីរ៉ង់ និងសិទ្ធិរបស់ខ្លួន ដោយថាសម្ពាធ និងការបង្ខិតបង្ខំបានបង្ហាញថា គ្មានប្រសិទ្ធភាពនៅពេលដោះស្រាយជាមួយអ៊ីរ៉ង់ “ដូចបានបង្ហាញដោយបទពិសោធន៍” ។
នៅក្នុងជំនួបដាច់ដោយឡែកមួយជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ លោក Sayyid Badr bin Hamad bin Hamood Albusaidi នៅទីក្រុងតេអេរ៉ង់ នៅថ្ងៃដដែលនោះ លោក Pezeshkian បានសរសើរតួនាទី “ប្តេជ្ញាចិត្ត និងស្ថាបនា” របស់អូម៉ង់ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចចរចា ដោយប្រយោលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ពីការិយាល័យរបស់លោក Pezeshkian ។
លោក Pezeshkian បានសម្តែងក្តីសង្ឃឹមថា កិច្ចពិភាក្សា នឹងនាំទៅរកកិច្ចព្រមព្រៀងដោយយុត្តិធម៌ ដែលនឹងធានាស្ថិរភាពប្រកបដោយនិរន្តរភាព នៅអាស៊ីខាងលិច ។ ដោយមានការសម្របសម្រួលដោយប្រទេសអូម៉ង់ រហូតមកដល់ពេលនេះ គណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបើកការចរចា ដោយប្រយោលចំនួនបួនជុំស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីថ្ងៃទី ១២ ខែមេសា បីនៅរដ្ឋធានី Muscat របស់អូម៉ង់ និងមួយនៅក្នុងទីក្រុងរ៉ូម របស់អ៊ីតាលី៕
