យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ការសម្រេចចិត្តដកការបិទផ្លូវនៅតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានការផ្តល់ជំនួយមានកម្រិត ខណៈដែលការរិះគន់អន្តរជាតិកើនឡើង ជុំវិញវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងតំបន់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែល នឹងអនុញ្ញាតឱ្យចូលទៅក្នុងបរិមាណ “មូលដ្ឋាន” នៃអាហារសម្រាប់ប្រជាជនហ្គាហ្សា ដើម្បីការពារវិបត្តិអត់ឃ្លាន។
សេចក្តីថ្លែងការណ៍មិនបានបញ្ជាក់ថា ពេលណាជំនួយនឹងចាប់ផ្តើមចូល ឬតាមរយៈយន្តការអ្វីនោះទេ។ ទោះជាយ៉ាងណាក៏ដោយ ទូរទស្សន៍សាធារណៈរបស់រដ្ឋអ៊ីស្រាអែល KanTV បានរាយការណ៍ថា ការផ្តល់ជំនួយនឹងចាប់ផ្តើម “ភ្លាមៗ” ជាមួយនឹងការចែកចាយ ដែលត្រូវបានអនុវត្តដោយអង្គការជំនួយអន្តរជាតិ ដែលកំពុងប្រតិបត្តិការរួចហើយនៅក្នុងហ្គាហ្សា ដោយសារយន្តការចែកចាយថ្មីមួយ ដែលអ៊ីស្រាអែលបាននិយាយថា នឹងត្រូវបានអនុវត្តតាមរយៈក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក មិនទាន់ត្រូវបានដាក់ឱ្យដំណើរការនៅឡើយ។
ប្រភពបានបន្ថែមថា ការផ្លាស់ប្តូរនេះបានអនុវត្តតាមអនុសាសន៍របស់យោធា ហើយត្រូវបានលើកទឹកចិត្តដោយ “តម្រូវការប្រតិបត្តិការដើម្បីពង្រីកការប្រយុទ្ធដ៏ខ្លាំងក្លា ដើម្បីកម្ចាត់ក្រុមហាម៉ាស់” ។ សេចក្តីថ្លែងការណ៍បានព្រមានថា វិបត្តិអត់ឃ្លានអាច “បង្កគ្រោះថ្នាក់ដល់ការបន្តប្រតិបត្តិការរបស់ Gideon’s Chariots” ដែលបានចាប់ផ្តើមនាពេលថ្មីៗនេះ ជាមួយនឹងការវាយប្រហារតាមអាកាសកាន់តែខ្លាំងរបស់អ៊ីស្រាអែល និងការដាក់ពង្រាយកងកម្លាំងជើងគោកបន្ថែម នៅក្នុងតំបន់ហ្គាហ្សា។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “អ៊ីស្រាអែលនឹងធ្វើសកម្មភាពដើម្បីការពារ ក្រុមហាម៉ាសពីការកាន់កាប់ការចែកចាយជំនួយ ដើម្បីធានាថាជំនួយមិនធ្លាក់ទៅក្នុងដៃពួកសកម្មប្រយុទ្ធ”។ លោក ណេតាន់យ៉ាហ៊ូ បានប្រកាសពីការសម្រេចចិត្តនេះ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែមិនមានការបោះឆ្នោតណាមួយត្រូវបានធ្វើឡើងលើបញ្ហានេះទេ។
ការបន្តលំហូរនៃជំនួយទៅកាន់តំបន់ហ្គាហ្សា បានប្រឈមមុខនឹងការប្រឆាំងយ៉ាងខ្លាំងក្លា ពីសមាជិកសំខាន់ៗនៃសម្ព័ន្ធស្តាំនិយមរបស់លោក ណេតាន់យ៉ាហ៊ូ រួមទាំងរដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ Bezalel Smotrich ដែលបានគម្រាមថានឹងចាកចេញពីក្រុមចម្រុះ ប្រសិនបើមានការផ្តល់ជំនួយឡើងវិញ៕
ប្រែសម្រួល ឈូក បូរ៉ា
