ព័ត៌មានអន្តរជាតិ

ក្រោយសន្ទនាគ្នាតាមទូរស័ព្ទ ជាមួយនឹងលោក Putin រួចលោក Trump បញ្ជាក់ថា ការចរចារវាងអ៊ុយក្រែន និងរុស្សីត្រូវតែចាប់ផ្តើមភ្លាម

xinhua

បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ការសន្ទនាជាមួយសមភាគីរុស្ស៊ីលោក Vladimir Putin បានដំណើរការទៅយ៉ាងល្អ ហើយថាកិច្ចពិភាក្សារវាងទីក្រុងមូស្គូ និងគៀវនឹងគួរតែត្រូវចាប់ផ្តើមភ្លាមៗ។

គេបានដឹងដែរថាមេដឹកនាំទាំងពីរបាននិយាយអស់រយៈពេលជាង២ម៉ោងកាលពីថ្ងៃចន្ទ ជាចម្បងអំពីបញ្ហាជម្លោះនៅអ៊ុយក្រែនហើយក្នុងនោះលោកPutinក៏​បាន​ពណ៌នា​ការ​ពិភាក្សា​នេះ​ថា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ដែរ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមTruth Social ភ្លាមៗបន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃចន្ទ លោក Trump បានសរសេរថា៖ ទឹកដម និងស្មារតីនៃការសន្ទនាគឺ ល្អណាស់ ដោយបន្ថែមថា ប្រសិនបើវាមិនមែនទេ ខ្ញុំនឹងនិយាយដូច្នេះឥឡូវនេះ ជាជាងពេលក្រោយ ។

ប្រទេសរុស្ស៊ីបានបង្ហាញបំណងចង់ធ្វើពាណិជ្ជកម្មទ្រង់ទ្រាយធំជាមួយសហរដ្ឋអាមេរិក នេះបើយោងតាមលោក Trump បានអះអាងដោយបន្ថែមថា ការដោះស្រាយជម្លោះដ៏មានសក្តានុពលនឹងជួយអ៊ុយក្រែនឱ្យក្លាយជា អ្នកទទួលផលដ៏អស្ចារ្យ នៃពាណិជ្ជកម្មនោះផងដែរ៕

ប្រធានាធិបតីអាមេរិករូបនេះក៏បាននិយាយដែរថា៖ភ្លាមៗបន្ទាប់ពីការហៅទូរស័ព្ទជាមួយលោកPutinគាត់ក៏បាននិយាយជាមួយលោក Vladimir Zelensky របស់ប្រទេសអ៊ុយក្រែន ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen ប្រធានាធិបតីបារាំង Emmanuel Macron នាយករដ្ឋមន្រ្តីអ៊ីតាលី Giorgia Meloni អធិការបតីអាល្លឺម៉ង់ Friedrich Merz និងប្រធានាធិបតីហ្វាំងឡង់ Alexander Stubbផងដើម្បីជូនដំណឹងពួកគេអំពីការសន្ទនារបស់គាត់ជាមួយសមភាគីរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top