បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសាទរការហៅទូរស័ព្ទ របស់គាត់ជាមួយសមភាគី អាមេរិក លោក Donald Trump ថា មានប្រយោជន៍ខ្លាំងណាស់ ហើយមេដឹកនាំទាំងពីរ បាននិយាយអស់រយៈពេលជាងពីរម៉ោងកាលពីថ្ងៃចន្ទ ជាចម្បងអំពីជម្លោះអ៊ុយក្រែន។
ថ្លែងទៅកាន់អ្នកសារព័ត៌មានភ្លាមៗ បន្ទាប់ពីការហៅទូរសព្ទនេះ លោកPutinបានថ្លែងអំណរគុណ ចំពោះប្រធានាធិបតីអាមេរិក ដែលបានគាំទ្រការបន្តការចរចា ដោយផ្ទាល់រវាងទីក្រុងមូស្គូ និងទីក្រុងគៀវ លើកិច្ចព្រមព្រៀងសន្តិភាពដ៏មានសក្តានុពលមួយ ។ គាត់បាននិយាយថា Trump បានគូសបញ្ជាក់ពីជំហរ របស់គាត់ក្នុងការបញ្ចប់អរិភាព និងលទ្ធភាពនៃបទឈប់បាញ់ ក្នុងអំឡុងពេលសន្ទនា។
លោកPutinបាននិយាយថា ៖ សម្រាប់ភាគីរបស់យើង ខ្ញុំក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីគាំទ្រដំណោះស្រាយ ដោយសន្តិវិធីនៃជម្លោះអ៊ុយក្រែន ដោយបន្ថែមថា យើងត្រូវតែកំណត់ផ្លូវដ៏មានប្រសិទ្ធភាព បំផុតឆ្ពោះទៅរកសន្តិភាព។
លោក Putin ក៏បាននិយាយដែរថា ទីក្រុងមូស្គូបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការជាមួយទីក្រុងគៀវ លើអនុស្សរណៈមួយដែលនឹងអាចមើលកិច្ចព្រមព្រៀង សន្តិភាពនាពេលអនាគតរវាងប្រទេសទាំងពីរ។
លោក Putinបញ្ជាក់ទៀតថា៖ការបន្តកិច្ចចរចា ដោយផ្ទាល់ជាមួយក្រុងគៀវ នាពេលថ្មីៗនេះ បង្ហាញថា ស្ថានភាពជាទូទៅកំពុងដឹកនាំ ក្នុងទិសដៅត្រឹមត្រូវ។ លោកបានបន្ថែមថា ៖ បញ្ហាគឺជាការពិតណាស់ដែលទាំងក្រុងមូស្គូ និងក្រុងគៀវ គួរតែបង្ហាញពីបំណងប្រាថ្នា ជាអតិបរមាសម្រាប់សន្តិភាព និងស្វែងរកការសម្រុះសម្រួលដែលនឹងបំពេញចិត្តគ្រប់ភាគី៕
ប្រែសម្រួល៖ស៊ុនលី
