សេអ៊ូល៖ ក្រសួងពាណិជ្ជកម្មរបស់ទីក្រុងសេអ៊ូលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងធ្វើកិច្ចពិភាក្សាបច្ចេកទេសជុំទីពីរនៅសប្តាហ៍នេះ ជុំវិញវិធានការពន្ធគយដែលកើនឡើងរបស់ទីក្រុងវ៉ាស៊ីនតោន ខណៈដែលភាគីទាំងពីរមានបំណងឈានដល់កិច្ចព្រមព្រៀងនៅដើមខែកក្កដា។
គណៈប្រតិភូរដ្ឋាភិបាលកូរ៉េខាងត្បូងដឹកនាំដោយមន្ត្រីជាន់ខ្ពស់ក្រសួងលោក Jang Sung-gil បានចាកចេញទៅទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំចរចារយៈពេលបីថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះនេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលកូរ៉េ។ លោក Jang បានឲ្យដឹងមុនការចាកចេញរបស់លោកថា “នៅក្នុងជុំនៃកិច្ចពិភាក្សាបច្ចេកទេសនេះ យើងនឹងផ្តោតលើវិស័យ ដែលបានពិភាក្សាកន្លងមក និងបន្តលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយផ្តល់អាទិភាពដល់ផលប្រយោជន៍ជាតិ” ។
យោងតាមមន្ត្រីបានឱ្យដឹងថា ភាគីទាំងពីរនឹងពិភាក្សាលើវិស័យសំខាន់ៗ ចំនួន ៦ នៃអតុល្យភាពពាណិជ្ជកម្ម វិធានការមិនមែនពន្ធគយ សន្តិសុខសេដ្ឋកិច្ច ពាណិជ្ជកម្មឌីជីថល ប្រទេសដើមនៃផលិតផល និងការពិចារណាពាណិជ្ជកម្ម។ ការពិភាក្សាក្នុងសប្តាហ៍នេះកើតឡើងប្រហែលបីសប្តាហ៍បន្ទាប់ពីជុំទីមួយនៃកិច្ចពិភាក្សាកម្រិតការងារដែលបានធ្វើឡើងនៅថ្ងៃទី ១ ខែឧសភា។
កាលវិភាគសម្រាប់ជុំទីពីរត្រូវបានបញ្ចប់បន្ទាប់ពីកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីរវាងប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅលើកោះ Jeju ភាគខាងត្បូងរបស់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ។
រដ្ឋមន្ត្រីឧស្សាហកម្មកូរ៉េខាងត្បូងលោក Ahn Duk-geun និងរដ្ឋមន្ត្រីពាណិជ្ជកម្មលោក Cheong In-kyo បានជួបប្រជុំដាច់ដោយឡែកជាមួយតំណាងពាណិជ្ជកម្មអាមេរិក (USTR) លោក Jamieson Greer ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ ទីក្រុងសេអ៊ូលបានបញ្ជាក់ជាថ្មីនូវសំណើរបស់ខ្លួន សម្រាប់ការលើកលែងទាំងស្រុងពីគម្រោងពន្ធគយ៕
ប្រែសម្រួល ឈូក បូរ៉ា
