បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានចោទប្រកាន់អ៊ុយក្រែនថា បានបង្កើនសកម្មភាពចារកម្ម នៅក្នុងប្រទេសសមាជិកសហភាពអឺរ៉ុប ដោយប្រើប្រាស់កម្លាំងនយោបាយប្រឆាំង ដែលនៅក្នុងប្រទេស។
តាមរយៈការអះអាងនេះធ្វើឡើងចំពេលមាន ការប្រេះឆាផ្នែកការទូតកាន់តែខ្លាំងឡើង រវាងប្រទេសជិតខាង។ ភាពតានតឹងដ៏យូរអង្វែងរវាងហុងគ្រី និងអ៊ុយក្រែនបានកើនឡើងកាលពីដើមខែនេះ នៅពេលដែលប្រទេសទាំងពីរ បានបណ្តេញអ្នកការទូតចំនួន២នាក់រៀងៗខ្លួន បន្ទាប់ពីចោទប្រកាន់គ្នាទៅវិញទៅមកពីបទចារកម្ម។
លោក Orban បាននិយាយកាលពីថ្ងៃសុក្រក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Kossuth ថា ៖សកម្មភាពអ៊ុយក្រែនបានកើនឡើង យ៉ាងខ្លាំងនៅក្នុងប្រទេសហុងគ្រី ហើយពួកគេកំពុងរៀបចំសកម្មភាពប្រតិបត្តិការផងដែរ។ លោកបានសង្កត់ធ្ងន់ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែន រក្សាទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាមួយក្រុមប្រឆាំងហុងគ្រី។
លោកOrban ក៏បានអះអាងដែរថា ថ្មីៗនេះទីក្រុងគៀវបានប្រឌិត រឿងអំពីអ្នកស៊ើបការណ៍ហុងគ្រី ដោយនិយាយថា វាមិនជាប់ពាក់ព័ន្ធជាមួយយើងទេ។
គួរឲ្យដឹងដែរថា នាយករដ្ឋមន្ត្រីបានចោទប្រកាន់ បណ្តាញអ៊ុយក្រែនថាកំពុងប្រតិបត្តិការ នៅក្នុងប្រទេសហុងគ្រីពីការផ្សព្វផ្សាយ ការឃោសនាគាំទ្រសង្គ្រាម ការឃោសនាគាំទ្រអ៊ុយក្រែន និងការដាក់ ទស្សនៈគាំទ្រអ៊ុយក្រែន ដែលវាមានរូបភាពប្រឆាំងទៅនឹង ផលប្រយោជន៍ជាតិរបស់ប្រទេសហុងគ្រី៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
