ទ្វីបអាស៊ីនាពេលបច្ចុប្បន្ននេះមានចំនួនប្រជាជន ៦៧ ភាគរយនៃចំនួនប្រជាជនពិភពលោកនិងមានអនុបាតជិត ៤០ ភាគរយនៃទំហំសេដ្ឋកិច្ចសកល ហេតុនេះហើយ សារសំខាន់នៃទ្វីបអាស៊ី គឺ ច្បាស់លាស់ណាស់។ នេះអាចឃើញថា សន្តិភាព ស្ថិរភាពនិងវឌ្ឈនភាពរបស់ទ្វីបអាស៊ី វាពាក់ព័ន្ធដល់ពិភពលោកទាំងមូល ។
កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្រោមចំណងជើងថា «បង្កើតជាទស្សនៈសន្តិសុខអាស៊ីយ៉ាងសកម្មនិងរួមគ្នាត្រួសត្រាយនិម្មាបនកម្មថ្មីសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ» នៅក្នុងកិច្ចប្រជុំកំពូលក្រុងសៀងហៃនៃសន្និសីទអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)ដោយបានលើកឡើងព្រមទាំងអធិប្បាយដោយគ្រប់ជ្រុងជ្រោយអំពីទស្សនៈសន្តិសុខអាស៊ីដែលមានលក្ខណៈរួម ចម្រុះ សហប្រតិបត្តិការនិងនិរន្តរភាព ។
កិច្ចប្រជុំអំពីការងារជាមួយប្រទេសជិតខាងនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលបានបើកធ្វើក្នុងខែមេសា ឆ្នាំនេះបានលើកឡើងជាលើកដំបូងនូវរូបមន្តសន្តិសុខអាស៊ីស្តីពីការរួមសុខរួមទុក្ខជាមួយគ្នាស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើព្រមនិងកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ។ ប្រការទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវបំណងស្មោះត្រង់របស់ប្រទេសចិនក្នុងការគាំពារសន្តិសុខ ស្ថិរភាពនិងការអភិវឌ្ឍរបស់អាស៊ី ដែលមានសារសំខាន់ណាស់សម្រាប់សម្រេចបាននូវសន្តិភាពយូរអង្វែងនិងការអភិវឌ្ឍរួមនៅទ្វីបអាស៊ី ។
មិនថាទស្សនៈសន្តិសុខអាស៊ីឬក៏រូបមន្តសន្តិសុខអាស៊ីក្តី ក៏សុទ្ធតែបានរួមបញ្ចូលនូវការច្នៃប្រឌិតថ្មីក្នុងការអនុវត្តជាក់ស្តែងនៃការទូតរបស់ប្រទេសធំដែលមានលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មី បន្តវេនគំនិតប្រពៃណីរបស់ប្រជាជនអាស៊ីស្តីពីការគោរពស្រឡាញ់សន្តិភាពដែលសមស្របនឹងផលប្រយោជន៍រួមរបស់បណ្ដាប្រទេសអាស៊ីនានា ។
ការរួមសុខរួមទុក្ខជាមួយគ្នាគឺជាគំនិតឯកភាពរួមជាមូលដ្ឋានសម្រាប់គាំពារសន្តិសុខរួមរបស់អាស៊ី ។ ប្រឈមនឹងបញ្ហាខាងសន្តិសុខគ្រប់ប្រភេទទាំងប្រពៃណីនិងអប្រពៃណី គ្មាននរណាអាចឱបដៃឈរមើលបានឡើយ ។ ប្រទេសចិនបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពជាមួយប្រទេសជិតខាងនិងប្រកាន់ខ្ជាប់នូវគោលការណ៍ដែលរាប់អានជាមួយប្រទេសជិតខាងនិងចាត់ទុកប្រទេសជិតខាងជាដៃគូ ។ ប្រឈមមុខនឹងការប៉ុនប៉ងរបស់កម្លាំងក្រៅតំបន់មួយចំនួនដើម្បីញុះញង់ឱ្យមានការបែកបាក់និងបង្កការបដិបក្ខគ្នានៅតំបន់ជុំវិញប្រទេសចិនក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ជានិច្ចកាល ប្រទេសចិនតែងតែសង្កត់ធ្ងន់ថា បណ្តាប្រទេសនានាគួររួមសុខរួមទុក្ខជាមួយគ្នា ហើយធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីពួតដៃគ្នាដើរតាមផ្លូវសន្តិសុខបែបថ្មីដែលសន្ទនាគ្នាតែមិនបដិបក្ខគ្នា ចងចំណងមិត្តភាពតែមិនចងបក្សពួក ទទួលផលឈ្នះ-ឈ្នះតែមិនលេងល្បែងផលបូកសូន្យដែលបានឆ្លុះបញ្ចាំងពីមនសិការសហគមន៍រួមលើបញ្ហាអំពីសន្តិសុខរបស់ប្រទេសចិននិងប្រទេសជិតខាង ។
ការស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើគឺជាបុរេលក្ខខណ្ឌនិងខ្លឹមសារស្នូលសម្រាប់ឱ្យប្រទេសអាស៊ីពួតដៃគ្នារីកចម្រើនទៅមុខ ។ ភាគីចិនបានផ្តួចផ្តើមឱ្យស្វែងរកគំនិតឯកភាពរួមនិងរក្សាទុកការខ្វែងគំនិតមួយអន្លើដែលបង្ហាញពីទស្សនៈស្តីពីការរៀនសូត្រពីគ្នានិងការយោគយល់គ្នាប្រកបដោយបរិយាបន្នរវាងអរិយធម៌ពិពិធកម្ម ហើយបានផ្តួចផ្តើមឱ្យបណ្តាភាគីនានាក្រេបជញ្ចក់តម្រិះប្រាជ្ញាពីគោលការណ៍ ៥ ប្រការនៃការរួមរស់ដោយសន្តិសហវិជ្ជមាននិងស្មារតីបានឌុងដើម្បីខិតខំស្វែងរកមតិឯកភាពដ៏ធំទូលាយដែលសមស្របនឹងផលប្រយោជន៍រួមនិងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខកាន់តែទូលំទូលាយ ក៏ដូចជាប្រែក្លាយពិពិធកម្មនិងភាពខុសគ្នារបស់ប្រទេសទ្វីបអាស៊ីទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ។
កិច្ចសន្ទនានិងការពិគ្រោះពិភាក្សាគឺជាមធ្យោបាយដ៏ត្រឹមត្រូវសម្រាប់ដោះស្រាយវិវាទរវាងប្រទេសជិតខាងឱ្យបានសមស្រប ។ ពីការផ្សះផ្សាគ្នារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ដល់ការផ្សះផ្សានៃបក្សពួកនានានៅផ្ទៃក្នុងប៉ាឡេស្ទីន រហូតដល់ការជំរុញយ៉ាងសកម្មនូវការពិគ្រោះពិភាក្សាអំពី”ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង”ជាមួយប្រទេសពាក់ព័ន្ធក្នុងតំបន់ ពីការរក្សាទំនាក់ទំនងជាយុទ្ធសាស្ត្រនិងការបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងយន្តការសន្ទនាថ្នាក់ការពារជាតិចិន-វៀតណាម ចិន-ម៉ាឡេស៊ី ចិន-កម្ពុជានិងចិន-ឥណ្ឌូណេស៊ីជាដើមដល់វិស័យនៃកិច្ចសហប្រតិបត្តិការខាងសន្តិសុខចិន-អាស៊ីកណ្តាលត្រូវបានពង្រីកឥតឈប់ឈរ ។ល។ ប្រទេសចិនបាននិងកំពុងជំរុញការដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់និងជំរុញកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់តាមរយៈសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការដែលបានរួមចំណែកជា”តម្រិះប្រាជ្ញាចិន”ក្នុងការគាំពារសន្តិសុខនិងស្ថិរភាពជាយូរអង្វែងក្នុងតំបន់ ។
ឆ្នាំនេះគឺជាខួបទី ៨០ នៃថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងការឈ្លានពានរបស់ជប៉ុននិងថ្ងៃជ័យជម្នះក្នុងសង្គ្រាមប្រឆាំងហ្វាស៊ីសនៃពិភពលោក ជាខួប ទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ហើយក៏ជាខួបទី ៧០ នៃការបើកធ្វើសន្និសីទបានឌុងផងដែរ ។យើងត្រូវរួមគ្នាគាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ផ្សព្វផ្សាយទស្សនៈប្រវិត្តសាស្ត្រដ៏ត្រឹមត្រូវអំពីសង្គ្រាមលោកលើកទីពីរ ផ្សព្វផ្សាយស្មារតីបានឌុងដើម្បីដោះស្រាយការខ្វែងគំនិតនិងវិវាទតាមរយៈកិច្ចសន្ទនានិងការពិគ្រោះពិភាក្សា ក៏ដូចជាបង្កើតជានិម្មបនកម្មថ្មីនៃការរួមគ្នាចែករំលែកសន្តិសុខរវាងបណ្តាប្រទេសនានា ។
ទ្វីបអាស៊ីគឺជាផ្ទះរួមរបស់ប្រទេសចិននិងប្រទេសជិតខាង ហើយការកសាងនិងការពារឱ្យបានល្អនូវផ្ទះរួមនេះគឺជាសេចក្តីប្រាថ្នារួមរបស់ប្រទេសក្នុងតំបន់ ។ ប្រទេសចិននឹងធ្វើការជាមួយបណ្តាភាគីនានាដើម្បីរួមគ្នាពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការគាំពារសន្តិសុខនិងស្ថិរភាពនៅអាស៊ី រួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាផ្តល់ការធានាផ្នែកសន្តិសុខយូរអង្វែងសម្រាប់ជំរុញកិច្ចកសាងសហគមន៍វាសនារួមជាមួយប្រទេសជិតខាងឱ្យដើរទៅមុខកាន់តែឆ្ងាយនិងកាន់តែរឹងមាំ ៕
