ព័ត៌មានអន្តរជាតិ

រុស្សីស្ថិត នៅក្នុងចំណោម ប្រទេសកំពូលទាំង៥ ដែលនាំចេញអាវុធច្រើន ជាងគេបំផុតលើពិភពលោក

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសរសើរជំហរដ៏រឹងមាំ របស់ប្រទេសរុស្សី ដែលបច្ចុប្បន្នបានក្លាយទៅជាប្រទេសមួយក្នុងចំណោម អ្នកនាំចេញអាវុធធំបំផុត របស់ពិភពលោក។
លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ការជាប់ចំណាត់ថ្នាក់ ក្នុងចំណោមអ្នក លក់កំពូលទាំង៥របស់ពិភពលោក បង្ហាញពីគុណភាពនៃអាវុធ ដែលផលិតដោយរុស្ស៊ី។

លោកPutin បាននិយាយកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលកិច្ចប្រជុំ ស្តីពីកិច្ចសហប្រតិបត្តិការយោធា និងបច្ចេកទេសថា ៖ ប្រទេសរុស្ស៊ីនៅតែបន្តស្ថិតក្នុងចំណោមមេដឹកនាំកំពូលទាំង៥ នៅក្នុងទីផ្សារសព្វាវុធពិភពលោក និងរក្សាជំហរនាំចេញឈានមុខគេ ក្នុងវិស័យជាច្រើនផ្សេងទៀត។

លោកប្រធានាធិបតី បាននិយាយថា លទ្ធផលនៃការបញ្ជាទិញ សម្រាប់ផលិតផលយោធារុស្ស៊ី មានចំនួនរាប់សិបពាន់ លានដុល្លារ ហើយលោកបានអំពាវនាវឱ្យមានការកើនឡើងបន្ថែមទៀតនូវបរិមាណនៃការនាំចេញ។

លោកក៏បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការ ធ្វើឱ្យប្រសើរឡើង នូវកិច្ចសហប្រតិបត្តិការ ជាមួយដៃគូបរទេស ដោយផ្តល់ជូនមិនត្រឹមតែអាវុធ និងឧបករណ៍ជាក់លាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសេវាកម្មទូលំទូលាយផងដែរ ដើម្បីជំរុញការនាំចេញអាវុធរបស់រុស្ស៊ី ក្នុងបរិយាកាសប្រកួតប្រជែងខ្ពស់បន្ថែមទៀត៕

ប្រែសម្រួល៖ស៊ុនលី

To Top