បរទេស៖ ក្រុមមន្ត្រីបាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងបាញ់មីស៊ីលចំនួន ៣៦៧ នៅឯទីក្រុងនានារបស់អ៊ុយក្រែន នៅពេលយប់ រួមទាំងរដ្ឋធានីគៀវ ក្នុងការវាយប្រហារតាមអាកាសដ៏ធំបំផុត នៃសង្គ្រាមមកទល់ពេលនេះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងជាច្រើននាក់ទៀតរងរបួស ។ មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកស្លាប់រួមមានកុមារបីនាក់នៅភាគខាងជើង នៃតំបន់ Zhytomyr ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានអំពាវនាវដល់សហរដ្ឋអាមេរិក ដែលបានប្រកាន់យកនូវបន្ទាត់សាធារណៈដ៏ទន់ភ្លន់លើប្រទេសរុស្ស៊ី និងមេដឹកនាំរបស់រុស្ស៊ី គឺលោក វ្ល៉ាឌីមៀ ពូទីន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់អំណាច។ លោក Zelenskiy បានសរសេរនៅលើ Telegram ថា “ភាពស្ងៀមស្ងាត់របស់អាមេរិក ភាពស្ងៀមស្ងាត់របស់អ្នកដទៃ ក្នុងពិភពលោក គ្រាន់តែលើកទឹកចិត្តដល់ពូទីន” ។ “រាល់ការវាយប្រហារភេរវកម្មរបស់រុស្ស៊ីបែបនេះ គឺជាហេតុផលគ្រប់គ្រាន់ សម្រាប់ការដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី”ហើយ ។
ក្រោយមកលោក Trump បានឆ្លើយតបដោយរិះគន់ទៅលើលោកពូទីន ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង New Jersey កាលពីថ្ងៃអាទិត្យមុនពេលឡើង យន្តហោះសម្រាប់ការវិលត្រឡប់ទៅកាន់សេតវិមាន ពីក្លឹបវាយកូនហ្គោល Bedminister របស់លោកថា “ខ្ញុំមិនសប្បាយចិត្តនឹងអ្វីដែលលោក Putin ធ្វើនោះទេ ។ គាត់កំពុងសម្លាប់មនុស្សជាច្រើននាក់ហើយ” ។
លោក Trump បាននិយាយថា “ខ្ញុំមិនដឹងថាមានអ្វីកើតឡើងចំពោះលោកពូទីនទេ។ ខ្ញុំស្គាល់គាត់យូរមកហើយ។ តែងតែមានទំនាក់ទំនងល្អជាមួយគាត់។ ប៉ុន្តែគាត់បានបាញ់មីស៊ីលចូលទៅក្នុងទីក្រុង និងសម្លាប់មនុស្ស ហើយខ្ញុំមិនចូលចិត្តការធ្វើបែបនេះទាល់តែសោះ។ យើងកំពុងពិភាក្សាគ្នា ហើយគាត់កំពុងបាញ់មីស៊ីលចូលទៅក្នុងទីក្រុង គៀវ និងទីក្រុងផ្សេងទៀត” ។
នៅពេលសួរថាតើលោកកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីឬអត់ លោក Trump បាននិយាយថា “ពិតណាស់”។
នៅពេលត្រឡប់មកទីក្រុងវ៉ាស៊ីនតោនវិញ លោក Trump បានបង្ហោះការអត្ថាធិប្បាយបន្ថែមលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយនិយាយអំពីលោកពូទីនថា “គាត់ពិតជាឆ្កួតមែនហើយ!”៕
ប្រែសម្រួលៈ ណៃ តុលា
