ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ឃុំខ្លួនមនុស្សជាច្រើននាក់ ជុំវិញឧប្បត្តិហេតុលិចនាវាចម្បាំងថ្មីរបស់ខ្លួន នៅថ្ងៃសម្ពោធ

Yonhap News

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយកាលពីថ្ងៃច័ន្ទថា នាវាពិឃាតថ្មីរបស់កូរ៉េខាងជើងដែលបានខូចខាត កាលពីសប្តាហ៍មុនក្នុងអំឡុងថ្ងៃសម្ពោធនោះ គឺពេលនេះកំពុងត្រូវបានជួសជុល ដោយបន្ថែមថា កូរ៉េខាងជើងបានឃុំខ្លួនមន្ត្រីម្នាក់ទៀត ពាក់ព័ន្ធនឹងការស៊ើបអង្កេតរបស់ខ្លួនលើ ឧបទ្ទវហេតុលិចនាវាចម្បាំងនៅថ្ងៃសម្ពោធនោះ។

យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បានសរសេរថា ក្រុមស៊ើបអង្កេតបានរាយការណ៍ពីការងាររបស់ខ្លួន ទៅគណៈកម្មការយោធាកណ្តាល នៃគណបក្សពលករកូរ៉េកាលពីថ្ងៃអាទិត្យ ហើយអង្គភាពអនុវត្តច្បាប់បានកោះហៅ និងឃុំខ្លួនលោក Ri Hyong-son អនុប្រធាននាយកដ្ឋាននៃ នាយកដ្ឋានឧស្សាហកម្មគ្រាប់បែករបស់គណបក្ស ជុំវិញឧបទ្ទវហេតុនេះ ។

KCNA បានឱ្យដឹងទៀតថា សកម្មភាពនេះត្រូវបានធ្វើឡើង ដោយផ្អែកលើទិន្នន័យពីក្រុមស៊ើបអង្កេត ដោយពណ៌នា លោក Ri Hyong-son ថា ជាអ្នក “ទទួលខុសត្រូវខ្ពស់” សម្រាប់គ្រោះថ្នាក់នេះ។

បើតាម KCNA គឺ “នៅកន្លែងកើតហេតុនៃឧបទ្ទវហេតុ នៃការសម្ពោធនាវាពិឃាតថ្មី ការងារសម្រាប់ការស្ដារឡើងវិញទាំងស្រុង នូវតុល្យភាពនៃនាវាចម្បាំងកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ក្រោមការណែនាំបច្ចេកទេសរបស់ ក្រុមអ្នកជំនាញតាមកាលវិភាគរបស់ខ្លួន” ។

សូមជម្រាបថា នាវាពិឃាតថ្មីរបស់កូរ៉េខាងជើងនោះ គឺបានក្រឡាប់ និងបានលិចទឹកមួយផ្នែកចូលក្នុងទឹក ក្នុងអំឡុងពិធីសម្ពោធរបស់ខ្លួននៅក្នុងទីក្រុងកំពង់ផែ Chongjin ភាគខាងកើតកាលពីថ្ងៃពុធសប្តាហ៍មុន ដោយបានធ្វើឱ្យនាវាខូចខាតផ្នែកខាងក្រៅ។

ចូលរួមក្នុងព្រឹត្តិការណ៍នេះ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចាត់ទុកឧបទ្ទវហេតុនេះថាជា “អំពើឧក្រិដ្ឋកម្មដែលមិនអាចអត់ឱនឱ្យបាន” ដោយបន្ទោសលើ “ការធ្វេសប្រហែស” និង “ការមិនទទួលខុសត្រូវ” និងបញ្ជាឱ្យជួសជុលកប៉ាល់នៅក្នុងខែមិថុនា។

ជាផ្នែកមួយនៃការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសកូរ៉េខាងជើងបានកោះហៅ អ្នកគ្រប់គ្រងរោងចក្រផលិតកប៉ាល់ Chongjin ហើយបានឃុំខ្លួនប្រធានវិស្វករនៃកន្លែងផលិតកប៉ាល់ ប្រធានសិក្ខាសាលាសាងសង់នាវា និងជាអនុប្រធានគ្រប់គ្រងកិច្ចការរដ្ឋបាលកាលពីថ្ងៃសៅរ៍ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top