បរទេស៖ អគ្គស្នងការនគរបាលជាតិរបស់ប្រទេសថៃ បានផ្អាកការហោះហើរយន្តហោះរបស់ប៉ូលិសទាំងអស់ និងកំពុងរង់ចាំការត្រួតពិនិត្យសុវត្ថិភាពពេញលេញ បន្ទាប់ពីធ្លាក់ចំនួនពីរលើកក្នុងរយៈពេលតែមួយខែ បានឆក់យកជីវិតមនុស្ស ៩នាក់នៅលើយន្តហោះ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Kittharath Punpetch បាននិយាយកាលពីថ្ងៃចន្ទថា យន្តហោះទាំងអស់របស់នាយកដ្ឋានអាកាសចរណ៍ប៉ូលីសថៃ ត្រូវបានផ្អាកការហោះហើររហូតដល់យន្តហោះឆ្លងកាត់ការត្រួតពិនិត្យសុវត្ថិភាពថ្មី។
លោកបានថ្លែងថា «គ្រោះថ្នាក់ពីរលើកក្នុងមួយខែគឺជារឿងគួរឲ្យភ្ញាក់ផ្អើល ហើយមូលហេតុមិនទាន់កំណត់បាននៅឡើយទេ»។
អគ្គស្នងការនគរបាលជាតិថៃ បានឱ្យដឹងថា “យន្តហោះទាំងអស់នឹងត្រូវបានផ្អាកការហោះហើររហូតដល់ត្រូវបានបង្ហាញថារួចរាល់សម្រាប់ប្រតិបត្តិការ ដូច្នេះអ្នកបើកយន្តហោះ អាចមានទំនុកចិត្តក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ” ។
ឧត្តមសេនីយ៍ Kittharath បាននិយាយថា លោកនឹងទៅជួបផ្នែកអាកាសចរណ៍ប៉ូលីសថៃ ក្នុងស្រុក Bang Khen នៃទីក្រុងបាងកក ដើម្បីពិភាក្សាអំពីវឌ្ឍនភាពក្នុងការស៊ើបអង្កេតការធ្លាក់យន្តហោះទាំងពីរ៕
ប្រែសម្រួលៈ ណៃ តុលា
