ឡុងដ៍៖ ជម្លោះពាណិជ្ជកម្មទ្រង់ទ្រាយធំ រវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នឹងបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក ហើយទំនងជាប៉ះពាល់ដល់ចក្រភពអង់គ្លេស ផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងបទសម្ភាសន៍ជាមួយស៊ិនហួលោក William Bain ប្រធានគោលនយោបាយពាណិជ្ជកម្មនៅសភាពាណិជ្ជកម្មអង់គ្លេសបានឲ្យដឹងថា ការរៀបចំពាណិជ្ជកម្ម ដែលមានស្រាប់របស់ចក្រភពអង់គ្លេសនឹងផ្តល់ការការពារតិចតួចប៉ុណ្ណោះពីផលវិបាកនៃការកើនឡើងភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្រុចសែល។
លោក Bain បានលើកឡើងថា “ការកើនឡើងនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនឹងធ្វើឱ្យខូចសេដ្ឋកិច្ចពិភពលោក ផលប៉ះពាល់នឹងកើតមាននៅក្នុងចក្រភពអង់គ្លេសផងដែរ ទោះបីជាកិច្ចព្រមព្រៀងរបស់យើងផ្ទាល់ជាមួយសហរដ្ឋអាមេរិកលើការកាត់បន្ថយពន្ធលើវិស័យសំខាន់ៗក៏ដោយ”។
ការព្រមានរបស់លោក Bain កើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅអឺរ៉ុប បន្ទាប់ពីការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុងការដាក់ពន្ធ ៥០ ភាគរយលើការនាំចូលរបស់អឺរ៉ុបចាប់ពីថ្ងៃទី ១ ខែមិថុនា ដែលជាការកើនឡើងដ៏សំខាន់នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មឆ្លងដែន ដែលមានភាពតានតឹងរួចទៅហើយ។ បន្ទាប់ពីការអំពាវនាវជាមួយប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen លោក ត្រាំ បានយល់ព្រមពន្យារពេលការដំឡើងពន្ធរហូតដល់ថ្ងៃទី ៩ ខែកក្កដា ដើម្បីអនុញ្ញាតឱ្យមានការចរចាបន្ថែមទៀត។
ទោះបីជាមានការបន្ធូរបន្ថយជាបណ្តោះអាសន្នក៏ដោយ លោកបានព្រមានថា ការខ្វែងគំនិតគ្នានៅមិនទាន់ដោះស្រាយនៅឡើយ។ ក្រុមហ៊ុនអង់គ្លេសជាច្រើន ដែលចែកចាយទំនិញដែលផលិតដោយសហភាពអឺរ៉ុបទៅកាន់សហរដ្ឋអាមេរិក ឬពឹងផ្អែកលើធាតុផ្សំរបស់សហភាពអឺរ៉ុបនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេឥឡូវនេះប្រឈមនឹងភាពមិនប្រាកដប្រជា។
លោកបានបន្ថែមថា នៅក្នុងប្រទេសអៀរឡង់ខាងជើង ជាកន្លែងដែលអាជីវកម្មដំណើរការក្រោមច្បាប់ក្រោយ Brexit ស្របតាមស្តង់ដារ អឺរ៉ុប មួយចំនួន ផលប៉ះពាល់អាចដោយផ្ទាល់ជាង។ លោកបានបន្ថែមទៀតថា ប្រសិទ្ធភាពនៃវិធានការបន្ទាន់ដូចជាគម្រោងសំណងកាតព្វកិច្ចនៅតែមិនច្បាស់លាស់៕
ប្រែសម្រួល ឈូក បូរ៉ា
