ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យចិន៖ ការបញ្ជាទិញពីអាមេរិក មានការកើនឡើង បន្ទាប់ពីមានកិច្ចប្រជុំពាណិជ្ជកម្ម រវាងចិន-អាមេរិក

RT News

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ កាលពីដើមខែនេះ បានបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ការបញ្ជាទិញពីអ្នកទិញរបស់សហរដ្ឋអាមេរិក បានកើនឡើង ហើយសេវាកម្មដឹកជញ្ជូន បានដំណើរការយ៉ាងពេញទំហឹង។

អ្នកនាំពាក្យលោកស្រី ម៉ៅ នីង  បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “នេះឆ្លុះបញ្ចាំងយ៉ាងពេញលេញ នូវតម្រូវការដ៏ធំរបស់ប្រទេសទាំងពីរ” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការលើកឡើងរបស់លោកស្រី ម៉ៅ ធ្វើឡើងបន្ទាប់ពីការលើកឡើង របស់ប្រធានសភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិន លោក Michael Hart នៅក្នុងកិច្ចប្រជុំកំពូលលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគសកលឆ្នាំ ២០២៥ ក្នុងទីក្រុងប៉េកាំង កាលពីសប្តាហ៍មុន។ លោក Hart បានឲ្យដឹងថា ប្រទេសចិន គឺជាទីផ្សារទំនិញដ៏សំខាន់ និងអ្នកផ្គត់ផ្គង់ទំនិញ សម្រាប់សហរដ្ឋអាមេរិក។

ខ្លឹមសារនៃប្រទេសចិន-អាមេរិក លោកស្រី បានឲ្យដឹងថា ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មមានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ ហើយលោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់សហគ្រាស និងអ្នកប្រើប្រាស់នៃប្រទេសទាំងពីរ។

ដោយកត់សម្គាល់ថា លទ្ធិគាំពារនិយមមិនដឹកនាំទៅណានោះទេ លោកស្រីបានលើកឡើងថា ប្រទេសចិនស្វាគមន៍សហគ្រាសសកល រួមទាំងក្រុមហ៊ុនអាមេរិកដើម្បីធ្វើប្រតិបត្តិការ និងអភិវឌ្ឍន៍នៅក្នុងប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសនេះឱ្យកាន់តែស៊ីជម្រៅ និងចែករំលែកឱកាសដែលកើតចេញពី កិច្ចសហប្រតិបត្តិការនេះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top