ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រំពឹងថា នឹងទទួលបានអនុស្សរណៈសន្តិភាព ពីរុស្ស៊ីនៅថ្ងៃទី២ ខែមិថុនា

AFP

គៀវ៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov បានឲ្យដឹងថា ប្រទេសរបស់លោករំពឹងថា នឹងទទួលបាន “អនុស្សរណៈ” សន្តិភាពពីប្រទេសរុស្ស៊ី តាមរយៈកិច្ចប្រជុំដែលបានប្រកាសនៅថ្ងៃទី២ ខែមិថុនា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Umerov ដែលជាប្រធានគណៈប្រតិភូអ៊ុយក្រែន ចូលរួមកិច្ចពិភាក្សាជាមួយរុស្ស៊ី បានសរសេរក្នុងសារបង្ហោះនៅលើបណ្ដាញ Facebook ថា “យើងមិនជំទាស់នឹងកិច្ចប្រជុំបន្ថែមជាមួយរុស្ស៊ីនោះទេ ហើយកំពុងរង់ចាំអនុស្សរណៈរបស់ពួកគេ ដូច្នេះកិច្ចប្រជុំនឹងមិននៅទទេ ហើយពិតជាអាចជំរុញយើងឱ្យខិតទៅជិតការបញ្ចប់សង្រ្គាម” ។

លោកបានលើកឡើងថា “ភាគីរុស្ស៊ីមានពេលយ៉ាងតិចបួនថ្ងៃទៀតមុនពេលពួកគេចាកចេញ ដើម្បីផ្តល់ឯកសាររបស់ពួកគេសម្រាប់ការពិនិត្យ”។ លោក Umerov បានកត់សម្គាល់ថាគាត់បានប្រគល់ឯកសារដែលឆ្លុះបញ្ចាំងពីជំហររបស់អ៊ុយក្រែន ដល់ប្រធានគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky រួចហើយ។

គណៈប្រតិភូអ៊ុយក្រែន និងរុស្ស៊ីបានធ្វើការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល របស់ប្រទេសទួរគីយ៉េ កាលពីថ្ងៃទី ១៦ ឧសភា ដែលជាការកត់សម្គាល់ការចរចាដោយផ្ទាល់លើកដំបូងរវាងប្រទេសចាប់តាំងពីខែមីនា ឆ្នាំ ២០២២។ ទីភ្នាក់ងារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា នៅព្រឹកថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាសថា ការចរចាជុំទីពីរនឹងធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី២ ខែមិថុនា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top