ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសបង្ហាញសមាសភាព ក្រុមការងារចរចាជុំបន្ទាប់សម្រាប់កិច្ចពិភាក្សាសន្តិភាព នៅអ៊ុយក្រែន

Sputnik

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមចរចារបស់រុស្ស៊ី សម្រាប់ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែននឹងនៅតែមិនផ្លាស់ប្តូរនោះទេហើយជំនួយការប្រធានាធិបតីគឺលោក Vladimir Medinsky នឹងដឹកនាំគណៈប្រតិភូម្តងទៀត។

ទីក្រុងមូស្គូ និងគៀវបានជួបគ្នាចុងក្រោយសម្រាប់ កិច្ចពិភាក្សាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី១៦ ខែឧសភា ដែលជាការកត់សម្គាល់ការចរចា ជាផ្លូវការលើកដំបូងចាប់តាំងពីឆ្នាំ២០២២។ កិច្ចប្រជុំលើកនោះបានធ្វើឱ្យមានការដោះដូរអ្នកទោសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ដោយបុគ្គល១,០០០ នាក់ត្រូវបានដោះលែងដោយភាគីនីមួយៗ។

ក្រៅពីនោះភាគីនានាក៏បានយល់ព្រមរៀបចំសំណើជាលាយលក្ខណ៍អក្សរទៅលើ អនុស្សរណៈចំនួន២ផងដែរដែលអាចបង្ហាញពីជំហររបស់ពួកគេលើបទឈប់បាញ់ដ៏មានសក្តានុពលមួយនៅមុនកិច្ចប្រជុំបន្ទាប់។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានស្នើឱ្យរៀបចំកិច្ចពិភាក្សាបន្តនៅថ្ងៃចន្ទ ទី០២ ខែមិថុនា ម្តងទៀតក្នុងទីក្រុងអ៊ីស្តង់ប៊ុលហើយ ក្រោយមកបន្តិចលោកស្រី Zakharova បានចេញមកបញ្ជាក់ ថាគណៈប្រតិភូរុស្ស៊ីដដែលនឹងចូលរួមជំនួបនេះ។

គួរឲ្យដឹងដែរថាមេដឹកនាំអ៊ុយក្រែនពីមុនបានទទូចលើការផ្អាករយៈពេល៣០ថ្ងៃនៅក្នុងជម្លោះដែលជាលក្ខខណ្ឌជាមុនសម្រាប់ការចរចា។ រុស្ស៊ី​បាន​ច្រានចោល​សំណើ​នេះ ដោយ​លើក​ហេតុផល​ថា ក្រុង​កៀវ​នឹង​ប្រើ​វា​ដើម្បី​ប្រមូលផ្តុំ​យោធា​របស់ខ្លួន​ឡើងវិញ។ យ៉ាងណាក្តីក្រោយ​មក អ៊ុយក្រែន​បាន​កែប្រែ​ជំហរ​របស់​ខ្លួន​ ក្រោម​សម្ពាធ​ពី​ប្រធានាធិបតី​អាមេរិក Donald Trump៕

ប្រែសម្រួល៖ ស៊ុន លី

To Top