បរទេស៖យោងតាមការចេញផ្សាយរបស់ RTសមាជិកសភាជាន់ខ្ពស់អាល្លឺម៉ង់បានអំពាវនាវឱ្យទីក្រុងប៊ែរឡាំងកាត់ទំនាក់ទំនងការទូតទាំងស្រុងជាមួយទីក្រុងមូស្គូ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងបែបកូនកាត់ឬ hybrid ដែលគាត់អះអាងថាមកប្រភពមកពីប្រទេសរុស្ស៊ី។
យើងគួរតែបណ្ដេញអ្នកការទូតណាដែលនៅសេសសល់នេះបើយោងតាមលោក Roderich Kiesewetter ដែលគេស្គាល់ថាជាអ្នកដែលមានជំហរប្រឆាំងរុស្ស៊ីដ៏រឹងរូសបានប្រាប់ Handelsblatt កាលពីថ្ងៃអង្គារហើយគាត់បានប្រកែកថាការធ្វើដូច្នេះនឹងជួយកាត់បន្ថយឥទ្ធិពលរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអាល្លឺម៉ង់។
យោងតាមលោក Kiesewetter ប្រទេសអាល្លឺម៉ង់បច្ចុប្បន្នបានធ្វើការការពារមិនគ្រប់គ្រាន់ប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតឡើយ ដែលគាត់អះអាងថា វាគឺជាកិច្ចការងារជាចម្បងនិងដែល មានប្រភពសំខាន់មកពីប្រទេសរុស្ស៊ី។
លោកបានចោទប្រកាន់ក្រុងមូស្គូជាពិសេសពីការប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរមតិសាធារណៈក្នុងប្រទេសអាល្លឺម៉ង់តាមរយៈសកម្មភាពបែបនេះ ហើយ គាត់ក៏បានចោទប្រកាន់ចិន កូរ៉េខាងជើង និងអ៊ីរ៉ង់ថាបានបើកការវាយប្រហារក្នុងលួចស្តាប់កិច្ចការងារផ្ទៃក្នុងរបស់អាល្លឺម៉ងដូចគ្នាផងដែរ។
គួរឲ្យដឹងដែរថាបញ្ជីនៃវិធានការតបតដែលស្នើឡើងដោយសមាជិកសភា រួមមានការបង្កើតទីភ្នាក់ងាររដ្ឋាភិបាលពិសេសមួយ ដើម្បីបដិសេធព័ត៌មានមិនពិត ឬប្រយុទ្ធប្រឆាំងនឹងវា តាមរយៈសកម្មភាពកូនកាត់ ដោយហាមប្រាមអ្នកទេសចរ និងអ្នកសារព័ត៌មានរុស្ស៊ីមិនឱ្យចូលប្រទេសអាល្លឺម៉ង់ បិទ ច្រកឃោសនា និងការលុបគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយដែលអាជ្ញាធរចាត់ទុកថាគួរឱ្យសង្ស័យទាំងឡាយជាដើម៕
ប្រែសម្រួល៖ស៊ុនលី
