ព័ត៌មានអន្តរជាតិ

អ្នកទេសចរឥណ្ឌា ត្រូវសត្វខ្លាហក់វាយប្រហារក្នុងប្រទេសថៃ ពេលព្យាយាមថតរូប Selfie ជាមួយ

VN Express

បរទេស៖ អ្នកទេសចរឥណ្ឌាម្នាក់ត្រូវបានសត្វខ្លាវាយប្រហារនៅកន្លែងទេសចរណ៍ក្នុងប្រទេសថៃ ខណៈពេលដែលព្យាយាមថតរូប Selfie ជាមួយសត្វខ្លានោះ ដោយរឿងនេះ គឺបានបញ្ឆេះជាការជជែកវែកញែកថ្មីៗអំពីក្រមសីលធម៌នៃទេសចរណ៍សត្វព្រៃ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឧប្បត្តិហេតុនេះត្រូវបានចែករំលែកដោយ Sidharth Shukla នៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter កាលពីថ្ងៃទី ២៩ ខែឧសភា និងមានអ្នកចូលមើលជាង ៣,៧ លាន។

ក្នុងវីដេអូ គេឃើញអ្នកទេសចរប្រុសដើរជិតខ្លាដែលជាប់ច្រវាក់ ដោយមានគ្រូបង្ហាត់ម្នាក់ឈរក្បែរ។ គាត់បានលុតជង្គង់ក្បែរសត្វខ្លាដើម្បីថតរូប Selfie ខណៈពេលដែលអ្នកបង្ហាត់ប្រើដំបងដើម្បីឱ្យខ្លានៅស្ងៀម។ មួយរំពេចនោះ ខ្លាក៏រើ និងហក់ទៅរកអ្នកទេសចរឥណ្ឌានោះ ។

យោងតាមកាសែត The Straits Times បានផ្សាយថា ជនរងគ្រោះគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។ វីដេអូនេះបានធ្វើឲ្យផ្ទុះការរិះគន់នៅលើបណ្តាញសង្គម ដោយអ្នកប្រើប្រាស់បានរិះគន់ការប្រើប្រាស់សត្វព្រៃដើម្បីទេសចរណ៍។

មនុស្សម្នាក់បានសរសេរថា “កន្លែងទាក់ទាញដែលអនុញ្ញាតឱ្យថតរូប និងផ្តល់ចំណីដល់សត្វ តែងតែបង្កគ្រោះថ្នាក់ដល់មនុស្ស និងសត្វ”៕

ប្រែសម្រួលៈ ណៃ តុលា

To Top