បរទេស៖ ក្រសួងការពារជាតិ នៅទីក្រុងមូស្គូបាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មាន ប្រចាំថ្ងៃរបស់ខ្លួន កាលពីថ្ងៃអង្គារថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហាររួមគ្នា មួយសំដៅទៅលើរោងចក្រ ផលិតយន្តហោះគ្មានមនុស្សបើក និងរ៉ាដារបស់អ៊ុយក្រែន ក៏ដូចជាឃ្លាំងអាវុធ និង កន្លែងផ្ទុកឧបករណ៍ផ្សេងទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា បញ្ជីគោលដៅវាយប្រហារ ក៏រួមបញ្ចូលកន្លែងផ្ទុកយន្តហោះ គ្មានមនុស្សបើក និងទីតាំងបាញ់បង្ហោះ ក៏ដូចជាទីតាំងរបស់ទាហានអ៊ុយក្រែន និងទាហានស៊ីឈ្នួល បរទេសផងដែរ ។ ក្រសួងបាននិយាយថា ទីតាំងសរុបចំនួន ១៤២ ត្រូវបានវាយប្រហារ ក្នុងអំឡុងពេលប្រតិបត្តិការ ដែលពាក់ព័ន្ធ ទាំងការវាយប្រហារដោយមីស៊ីល និងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក។
ការវាយប្រហារនេះបានកើតឡើង ពីរថ្ងៃបន្ទាប់ពីការ វាយប្រហាររបស់អ៊ុយក្រែន ទៅលើអាកាសយានដ្ឋាន យោធានៅក្នុងតំបន់ចំនួន ៥ របស់រុស្ស៊ី នៅទូទាំងប្រទេសរួមទាំងនៅស៊ីបេរី និងចុងបូព៌ា ។ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន បានពណ៌នាអំពីការវាយប្រហារទៅលើរុស្ស៊ីថា ជាផ្នែក នៃប្រតិបត្តិការ “ប្រវត្តិសាស្ត្រ” ដោយអះអាងថា ពួកគេបានបង្កការខូចខាត យ៉ាងធំធេងដល់ “ផ្នែកអាកាស ជាយុទ្ធសាស្ត្រ” របស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ពីការវាយប្រហារនេះ ប៉ុន្តែបាននិយាយថា ការវាយប្រហារទាំងបីត្រូវ បានបាញ់ស្ទាក់ទៅវិញ ដោយជោគជ័យ ដោយមិនបណ្តាលឱ្យមានការខូចខាត ឬរងគ្រោះថ្នាក់ឡើយ ខណៈដែលយន្តហោះ មួយចំនួន បានផ្ទុះឆេះ ។ ក្រសួងមិនបានបញ្ជាក់ជាផ្លូវការ ពីការបាត់បង់យន្ត ហោះក្នុងចំនួនណាមួយឡើយ។
ការថ្លែងនេះបានកើតឡើងខណៈកងកម្លាំងរុស្ស៊ីបន្តប្រតិបត្តិការ វាយលុកនៅតាមខ្សែជួរមុខទាំងមូល។ កងទ័ពរុស្ស៊ីបានរក្សាគំនិតផ្តួចផ្តើមនៅលើសមរភូមិអស់រយៈពេលជាច្រើនខែ។
ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ យោធារុស្ស៊ី បានកាន់កាប់ភូមិ Andreevka ក្នុងតំបន់ Sumy ។ កងកម្លាំងអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថា បានបាត់បង់ទាហានជាង ១៥០០ នាក់ នៅទូទាំងផ្នែកផ្សេងៗ នៃរណសិរ្សរួមជាមួយនឹង បំណែកកាំភ្លើងធំជាច្រើន ៕
ប្រែសម្រួលៈ ណៃ តុលា
