ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បដិសេធការបង្ខិតបង្ខំ ក្នុងកិច្ចចរចានុយក្លេអ៊ែរ ខណៈបង្ហាញការត្រៀមខ្លួន ឆ្លើយតបចំពោះសំណើរអាមេរិក

xinhua

តេអេរ៉ង់ៈ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ទីក្រុងតេអេរ៉ង់ នឹងមិនទទួលយក “ការបង្ខិតបង្ខំ និងការដាក់ការទាមទារ” ក្នុងការចរចានុយក្លេអ៊ែរនោះទេ ខណៈដែលការចរចាដោយប្រយោល ជាមួយសហរដ្ឋអាមេរិក នៅតែបន្តក្រោមការសម្របសម្រួលរបស់ប្រទេសអូម៉ង់។

យោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើ គេហទំព័រប្រធានាធិបតីបានឲ្យដឹងថា ការកត់សម្គាល់លោក ធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងតេអេរ៉ង់ ជាមួយឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសនូវែលសេឡង់លោកស្រី Bethany Madden។

លោកបានរំលឹកឡើងវិញថា អ៊ីរ៉ង់ មិនស្វែងរកការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរនោះទេ ហើយនៅតែបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ដើម្បីបញ្ជាក់អំពីសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

ចំណែកឯកអគ្គរដ្ឋទូតនូវែលសេឡង់លោកស្រី Madden បានសម្តែងក្តីសង្ឃឹមថា អាណត្តិរបស់លោកស្រី នឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ខណៈកិច្ចចរចាជុំចុងក្រោយ ត្រូវបានបញ្ចប់ដោយមិនមានកិច្ចព្រមព្រៀងអ្វីឡើយ។

គួរបញ្ជាក់ថា ចាប់តាំងពីខែមេសាមក អ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានធ្វើការ ពិភាក្សាដោយប្រយោលចំនួន ៥លើក ដែល ៣លើកនៅទីក្រុង Muscat ប្រទេសអូម៉ង់ និង ២លើកនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដោយផ្តោតលើសកម្មភាពនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top