រីហ្គា៖ សមយុទ្ធយោធាពហុជាតិទ្រង់ទ្រាយធំ ប្រចាំឆ្នាំរបស់អង្គការណាតូ គឺប្រតិបត្តិការបាល់ទិកឆ្នាំ២០២៥ (BALTOPS 25) បានចាប់ផ្តើមជាផ្លូវការនៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងប្រទេសឡាតវី នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានឡាតវី LETA ។
សមយុទ្ធនេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងអន្តរប្រតិបត្តិការក្នុងចំណោមកងកម្លាំងសម្ព័ន្ធមិត្ត ពង្រឹងសមត្ថភាពឆ្លើយតបយ៉ាងឆាប់រហ័ស នៅទូទាំងសាខាយោធាទាំងអស់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ណាតូចំពោះសន្តិសុខ និងការពារតំបន់នៃតំបន់សមុទ្របាល់ទិក។
សមយុទ្ធ BALTOPS 25 នៅឆ្នាំនេះ ផ្តោតលើការហ្វឹកហ្វឺនប្រតិបត្តិការយ៉ាងទូលំទូលាយ រួមទាំងប្រព័ន្ធគ្មានមនុស្សបើក ការជម្លៀសវេជ្ជសាស្រ្ត ការការពារដែនអាកាស ការរារាំងដែនសមុទ្រ សង្គ្រាមប្រឆាំងនាវាមុជទឹក វិធានការប្រឆាំងមីន ប្រតិបត្តិការលើអាកាស និងការគាំទ្រផ្នែកវិស្វកម្ម។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់កងទ័ពជើងទឹកអាមេរិក អឺរ៉ុប និងអាហ្រ្វិក/កងនាវាចរទី៦ របស់សហរដ្ឋអាមេរិក សមយុទ្ធ ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ២០ ខែមិថុនា មានការចូលរួមពីប្រទេសសមាជិកណាតូចំនួន ១៦ នាវាជាង ៤០ គ្រឿង យន្តហោះ ២៥ គ្រឿង និងបុគ្គលិកយោធាប្រមាណ ៩.០០០ នាក់ ៕
ប្រែសម្រួល ឈូក បូរ៉ា
