ព័ត៌មានអន្តរជាតិ

ជប៉ុន និង​អាមេរិក មិន​ទាន់​រក​ចំណុច​កណ្តាល​ លើ​បញ្ហាពន្ធ​គយ បាន​នៅឡើយទេ

kyodo

តូក្យូ៖ ប្រធានអ្នកចរចាពន្ធរបស់ជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក មិនទាន់រកឃើញចំណុចរួម ស្តីពីបញ្ហាពន្ធគយបាននៅឡើយទេ ប៉ុន្តែនៅតែមានគោលបំណងធ្វើកិច្ចព្រមព្រៀង មួយចំនួននៅពាក់កណ្តាលខែមិថុនា។

បន្ទាប់ពីបានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីក្រសួងរតនាគារ សហរដ្ឋអាមេរិក លោក Scott Bessent និងរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្ម អាមេរិក លោក Howard Lutnick នៅទីក្រុងវ៉ាស៊ីនតោន លោក Ryosei Akazawa រដ្ឋមន្ត្រីជប៉ុនសម្រាប់ ការស្តារសេដ្ឋកិច្ចឡើងវិញ បានប្រាប់អ្នកសារព័ត៌មានថា គាត់ជឿជាក់ថា “ការរីកចំរើនបន្ថែមទៀត” ត្រូវបានធ្វើឡើង។

លោក Akazawa បានលើកឡើងថា គ្មានការសម្រេចចិត្តណាមួយ ត្រូវបានធ្វើឡើងថា តើនឹងមានការពិភាក្សា អំពីពន្ធគយផ្សេងទៀតនៅសប្តាហ៍ក្រោយ ឬលើសពីនេះទេ។

លោក Akazawa និងលោក Bessent ក៏ដូចជាលោក Lutnick ដែលរដ្ឋមន្ត្រីជប៉ុន ក៏បានជួបកាលពីមួយថ្ងៃមុននោះ បានអង្គុយចុះ ដើម្បីស្វែងយល់ថា តើវាអាចទៅរួច សម្រាប់មេដឹកនាំប្រទេសក្នុងការឈាន ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងអំឡុងពេលកិច្ច ប្រជុំរបស់ពួកគេក្នុងរយៈពេលប្រហែល ១០ថ្ងៃទៀតឬយ៉ាងណា។

នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គ្រោងនឹងជួបពិភាក្សាគ្នា ជុំវិញពេលវេលានៃកិច្ចប្រជុំកំពូល G7 រយៈពេលបីថ្ងៃ នៅប្រទេសកាណាដា ដែលចាប់ផ្តើមនៅថ្ងៃទី១៥ ខែមិថុនា។

លោក Akazawa ដែលកំពុងបំពេញទស្សនកិច្ច នៅរដ្ឋធានីរបស់សហរដ្ឋអាមេរិក សម្រាប់សប្តាហ៍ទី ៣ ជាប់ៗគ្នាសម្រាប់ជុំទី៥ នៃកិច្ចពិភាក្សាពន្ធគយ កម្រិតរដ្ឋមន្ត្រីបានឲ្យដឹង ម្តងហើយម្តងទៀតថាប្រទេសជប៉ុន នឹងមិនទទួលយកកិច្ច ព្រមព្រៀងនោះទេ លុះត្រាតែវាផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top