តេអេរ៉ង់៖ រដ្ឋមន្ត្រីស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ លោក Esmaeil Khatib បានប្រកាសថា ប្រទេសនេះ បានទទួល “កំណប់ដ៏មានតម្លៃ” នៃទិន្នន័យ និងឯកសារយុទ្ធសាស្ត្រ ប្រតិបត្តិការ និងវិទ្យាសាស្ត្ររបស់អ៊ីស្រាអែល ដែលលោកបានឲ្យដឹងថា នឹងត្រូវបានបោះពុម្ពក្នុងពេលឆាប់ៗនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋ IRIB របស់អ៊ីរ៉ង់ លោក Khatib បានពណ៌នាការទិញយកថាជា “សមិទ្ធិផលចារកម្មដ៏អស្ចារ្យ” នៃក្រសួងរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Khatib បានលើកឡើងថា ឯកសារទាំងនោះគ្របដណ្តប់ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីស្រាអែល ក៏ដូចជាទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសដទៃទៀត ដោយសង្កត់ធ្ងន់ថាឯកសារស៊ើបការណ៍សម្ងាត់ មួយចំនួនអាចពង្រឹងសមត្ថភាពវាយលុករបស់អ៊ីរ៉ង់។ លោកបានបដិសេធមិននិយាយលម្អិតអំពីវិធីសាស្រ្ត ដែលប្រើដើម្បីផ្ទេរឯកសារទៅប្រទេសអ៊ីរ៉ង់នោះទេ ដោយលើកឡើងថាវិធីសាស្ត្រ មានសារៈសំខាន់ដូចឯកសារខ្លួនឯង ហើយនឹងនៅតែការពារ។
លោក Khatib បានបន្ថែមថា ប្រតិបត្តិការ “ស្មុគស្មាញ ទ្រង់ទ្រាយធំ ទូលំទូលាយ និងរយៈពេលវែង” ត្រូវបានរចនាឡើង និងអនុវត្តដើម្បីទិញពួកវា ដែលចាប់ផ្តើមជាមួយនឹងការជ្រៀតចូល។ នៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសៅរ៍ IRIB បានឲ្យដឹងថា រយៈពេលនៃការស្ងប់ស្ងាត់ប្រព័ន្ធផ្សព្វផ្សាយគឺចាំបាច់ ដើម្បីធានាការផ្ទេរឯកសារប្រកបដោយសុវត្ថិភាព។ ប្រភពបានកត់សម្គាល់ថា បរិមាណនៃទិន្នន័យមានទំហំធំណាស់ ដែលវាចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីពិនិត្យមើលឡើងវិញ ៕
ប្រែសម្រួល ឈូក បូរ៉ា
