ព័ត៌មានអន្តរជាតិ

ជម្លោះចាស់មិនទាន់រលត់ ជម្លោះថ្មីកើតឡើងថែមទៀតរវាងអាមេរិក និងចិន មុនកិច្ចចរចាពាណិជ្ជកម្មនៅទីក្រុងឡុងដ៍

xinhua

បរទេស៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសក្នុងសប្តាហ៍នេះ ត្រូវបានគេរំពឹងថានឹងលើកយកជម្លោះថ្មីៗជាបន្តបន្ទាប់ ដែលបានធ្វើឱ្យខូចទំនាក់ទំនង ដែលគំរាមកំហែងដល់ការបញ្ឈប់ជាបណ្តោះអាសន្នដ៏ផុយស្រួយលើពន្ធគយ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នានៅទីក្រុងហ្សឺណែវកាលពីខែមុនចំពោះការផ្អាករយៈពេល ៩០ថ្ងៃនៃពន្ធ ១០០ភាគរយ បូកនឹងពន្ធភាគច្រើនដែលប្រទេសទាំងពីរបានដាក់លើគ្នាទៅវិញទៅមក នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើង ដែលបានបង្កឱ្យមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច។

ចាប់តាំងពីពេលនោះមក សហរដ្ឋអាមេរិក និងចិន បានផ្លោងដោយកំហឹងពាក្យសម្ដីដាក់គ្នាទៅវិញទៅមក ចំពោះបញ្ហានៃគ្រឿងអេឡិចត្រូនិកកម្រិតខ្ពស់ដែលផ្តល់ថាមពលដល់បញ្ញាសិប្បនិម្មិត “ធាតុដែលកម្រនៅលើផែនដី” ដែលមានសារៈសំខាន់ចំពោះក្រុមហ៊ុនផលិតរថយន្ត និងឧស្សាហកម្មផ្សេងទៀត និងបញ្ហាទិដ្ឋាការសម្រាប់និស្សិតចិន សិក្សានៅសាកលវិទ្យាល័យអាមេរិក។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយយ៉ាងយូរជាមួយមេដឹកនាំចិន Xi Jinping តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងការប៉ុនប៉ងដើម្បីដាក់ស្តារទំនាក់ទំនងឡើងវិញ។ លោក Trump បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃបន្ទាប់ថា កិច្ចពិភាក្សាពាណិជ្ជកម្មនឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទនៅទីក្រុងឡុងដ៍៕

ប្រែសម្រួលៈ ណៃ តុលា

To Top