តេអេរ៉ង់៖ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បានឲ្យដឹងថា សំណើថ្មី របស់សហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀង នុយក្លេអ៊ែរជាមួយទីក្រុងតេអេរ៉ង់ គឺ “ផ្ទុយគ្នា និងមានភាពមិនស្មោះត្រង់” ព្រោះវាមិនបាននិយាយ អំពីការដកទណ្ឌកម្មនោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។
ថ្លែងនៅក្នុងសម័យប្រជុំសភា ក្នុងទីក្រុងតេអេរ៉ង់ លោក Qalibaf បានរិះគន់សំណើនេះដែលបានបញ្ជូនតាមរយៈប្រទេសអូម៉ង់ កាលពីចុងខែឧសភា ក្នុងអំឡុងពេលកិច្ចចរចា ដោយប្រយោល ដែលកំពុងបន្តរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន។
លោកបានលើកឡើងថា អ៊ីរ៉ង់ នៅតែត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការ បង្ហាញពីធម្មជាតិសន្តិភាពនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ស្របតាមច្បាប់ឆ្នាំ២០២០ ដែលបានអនុម័តដើម្បីប្រឆាំង នឹងការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក។ លោកបានបន្ដថា ជាការតបស្នង អ៊ីរ៉ង់រំពឹងថា នឹងមានការដកទណ្ឌកម្ម ការធានាសម្រាប់ផលប្រយោជន៍សេដ្ឋកិច្ច និងសិទ្ធិបន្ត ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងស្រុក។
លោកបន្ដថា “ការពិតដែលថា សំណើរបស់សហរដ្ឋអាមេរិក មិនបាននិយាយ សូម្បីតែការដកទណ្ឌកម្មនោះ បង្ហាញយ៉ាងច្បាស់ពីវិធីសាស្រ្ត របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងកិច្ចចរចានុយក្លេអ៊ែរ គឺមានភាពផ្ទុយគ្នានិងមិនស្មោះត្រង់” ។ លោកក៏បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ពិនិត្យឡើងវិញនូវជំហររបស់លោក ប្រសិនបើលោក ពិតជាស្វែងរកកិច្ចព្រមព្រៀង ដោយជំរុញឱ្យលោកឈប់ធ្វើតាមអ្វីដែលហៅថា “គំនិតបរាជ័យ” របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ។
គួរបញ្ជាក់ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួន ៥លើក ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ចាប់តាំងពីខែមេសា ដោយផ្តោតលើការកំណត់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។ នាពេលថ្មីៗនេះ ទីក្រុងវ៉ាស៊ីនតោន បានទាមទារឱ្យបញ្ឈប់ទាំងស្រុង ចំពោះការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដែលជាលក្ខខណ្ឌមួយ ដែលអ៊ីរ៉ង់ បានច្រានចោលម្តងហើយម្តងទៀត៕
