បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក kamikaze របស់អ៊ុយក្រែនចំនួន ៤៩ គ្រឿង នៅពេលយប់។ ទីក្រុងមូស្គូនៅតែបន្តកំណត់គោលដៅទៅលើសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ទីក្រុងគៀវ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ចំនួននៃយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយដែលត្រូវបានរាយការណ៍ថា បានបាញ់ទម្លាក់ដោយកងកម្លាំងរុស្ស៊ីក្នុងអំឡុងពេលការវាយឆ្មក់ពេលយប់ថ្មីៗនេះបានប្រែប្រួលយ៉ាងទូលំទូលាយដោយឈានដល់ ១៧៤គ្រឿង ក្នុងអំឡុងពេលយប់ថ្ងៃទី ៥-៦ ខែមិថុនា។ យោធាបាននិយាយថា នៅយប់ដដែលនោះ ទីក្រុងមូស្គូបានស្ទាក់ចាប់កាំជ្រួច Neptun-MD ចំនួនបីគ្រាប់ពីលើសមុទ្រខ្មៅ។
កងកម្លាំងអ៊ុយក្រែនបានផ្លាស់ប្តូរការប្រើប្រាស់យន្តហោះគ្មានមនុស្សបើកមួយចំនួន ទៅជាពេលថ្ងៃ ដោយបង្កើតនូវសកម្មភាពយន្តហោះគ្មានមនុស្សបើកដែលមាននិរន្តរភាព ដែលទីក្រុងមូស្គូនិយាយថា បានឡើងដល់កំពូលជាង ៣០០ ដងក្នុងរយៈពេល ២៤ ម៉ោង។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះ គឺបានកើតឡើងស្របពេលនឹងការចរចាសន្តិភាពដោយផ្ទាល់រវាងអ៊ុយក្រែននិងរុស្ស៊ីក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
អភិបាលតំបន់លោក Aleksandr Khinshtein បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើស្ថានីយថាមពលមួយនៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី បានបណ្តាលឱ្យមានការដាច់ភ្លើងកាលពីថ្ងៃអាទិត្យ ដោយបានហៅឧបទ្ទវហេតុនេះថា ជាព្រឹត្តិការណ៍របស់ទីក្រុងគៀវ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធា។ មន្ត្រីរុស្ស៊ីរាយការណ៍ជាប្រចាំអំពីការស្លាប់ជនស៊ីវិលពីការវាយឆ្មក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែន៕
ប្រែសម្រួលៈ ណៃ តុលា
