ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់បម្រាមគោចរ នៅកណ្តាលក្រុង Los Angeles បន្ទាប់ពីមានកុប្បកម្ម និងការលួចប្លន់

RT News

បរទេស៖ បម្រាមគោចរត្រូវបានដាក់ នៅកណ្តាលក្រុង Los Angeles បន្ទាប់ពីមានកុប្បកម្ម និងការលួចប្លន់ជាច្រើនថ្ងៃ ដែលបង្កឡើងដោយការវាយឆ្មក់ បង្ក្រាបទៅលើជនអន្តោប្រវេសន៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងអភិបាលក្រុង Los Angeles គឺលោកស្រី Karen Bass បានប្រកាសកាលពីថ្ងៃអង្គារ ថា ការរឹតបន្តឹងនឹងចូលជាធរមានចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៦ ព្រឹក ម៉ោងក្នុងស្រុក ។ ប៉ូលិសនឹងចាប់ខ្លួនជនណា ដែលបំពានបម្រាមគោចរ ដែលត្រូវបានគេរំពឹងថា បម្រាមគោចរនេះនឹងនៅមាន រយៈពេលជាច្រើនថ្ងៃ។

លោកស្រី Karen Bass បាននិយាយថា ការសម្រេចចិត្តនេះ បានកើតឡើងបន្ទាប់ពី “ឧប្បតិ្តហេតុ” គឺត្រូវបានឈាន ដល់ដោយកត់សម្គាល់ថា អាជីវកម្មចំនួន ២៣ ត្រូវបានលួចកាលពីយប់មុន។

បម្រាមគោចរគ្របដណ្តប់ប្រហែលមួយម៉ាយការ៉េ ដែលមានព្រំប្រទល់ជាប់ដោយផ្លូវ 5 Freeway, 110 Freeway និង 10 Freeway រហូតដល់កន្លែងដែលវាបញ្ចូលគ្នាជាមួយ 110 និង 5 , នេះបើយោងតាម ការចេញផ្សាយរបស់ NBC Los Angeles ។

ប្រធានប៉ូលីសនៅទីក្រុង Los Angeles លោក Jim McDonnell បាននិយាយថា អ្នករស់នៅក្នុងតំបន់នឹងត្រូវបានលើកលែង រួមជាមួយនឹងបុគ្គលិកសង្គ្រោះបន្ទាន់ និងសុវត្ថិភាព អ្នកកាសែត និងបុគ្គលអនាថា។

លោកបានមានប្រសាសន៍ថា “បម្រាមគោចរគឺជាវិធានការ ចាំបាច់ដើម្បីការពារអាយុជីវិត និងការពារទ្រព្យសម្បត្តិ បន្ទាប់ពីមានចលាចលកើនឡើង ជាច្រើនថ្ងៃជាប់ៗគ្នានៅទូទាំងទីក្រុង”។

សូមជម្រាបថា កុប្បកម្មបានផ្ទុះឡើង កាលពីយប់ថ្ងៃសុក្រ បន្ទាប់ពីភ្នាក់ងារសហព័ន្ធ បានឃុំខ្លួនបុគ្គលមួយចំនួន ក្នុងអំឡុងពេលការបង្ក្រាបពីសំណាក់ប្រធានាធិបតី Donald Trump លើជនអន្តោប្រវេសន៍ខុសច្បាប់ ។ រហូតមកដល់ពេលនេះ មនុស្សជាង ៣៥០ នាក់ត្រូវបានចាប់ខ្លួន ក្នុងនោះមាន ១៩៧ នាក់ ចាប់ខ្លួនកាលពីថ្ងៃអង្គារ។ រូបភាពពីលើអាកាសពី ឧទ្ធម្ភាគចក្រព័ត៌មាន បង្ហាញហ្វូងមនុស្ស នៅតែប្រមូលផ្តុំគ្នានៅតាមដងផ្លូវ៕

ប្រែសម្រួលៈ ណៃ តុលា

To Top