ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ព្រមានក្រុមបាតុករថា ការតវ៉ាក្នុងអំឡុងពេលដង្ហែក្បួនយោធា ប្រឈមមុខនឹងការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ

Xinhua

ញូវយ៉ក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានព្រមានក្រុមបាតុករឱ្យនៅឱ្យឆ្ងាយពីក្បួនដង្ហែរយោធា ដែលលោកបានគ្រោងធ្វើនៅថ្ងៃសៅរ៍នេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីប្រារព្ធខួបលើកទី ២៥០ របស់កងទ័ព ដោយអះអាងថា បាតុករណាដែលស្អប់ប្រទេសរបស់យើង នឹងត្រូវជួបជាមួយនឹងការប្រើកម្លាំងដ៏ធ្ងន់ធ្ងរ ដែលមានន័យថា ការបង្ក្រាបយ៉ាងធ្ងន់ធ្ងរ” ។

លោក ត្រាំ បានធ្វើការកត់សម្គាល់នៅពេលទៅទស្សនា Fort Bragg ក្នុងរដ្ឋ North Carolina ហើយបានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយទាក់ទងនឹង ការប្រារព្ធពិធីដែលនឹងបញ្ចប់ជាមួយនឹង ក្បួនដង្ហែដែលស្របគ្នានឹងខួបកំណើតគម្រប់ ៧៩ ឆ្នាំរបស់លោក។ លោកបានមើលកងទ័ពសហរដ្ឋអាមេរិក បង្ហាញពីការវាយប្រហារដោយមីស៊ីល ការវាយលុកដោយឧទ្ធម្ភាគចក្រ និងការវាយឆ្មក់អគារនៅ Fort Bragg ដែលប្រារព្ធខួបលើកទី២៥០ នៃសាខាយោធានោះ។

Fort Bragg ដែលមានទីតាំងនៅជិត Fayetteville រដ្ឋ North Carolina បម្រើជាទីស្នាក់ការកណ្តាល សម្រាប់បញ្ជាការប្រតិបត្តិការពិសេស របស់កងទ័ពសហរដ្ឋអាមេរិក។ អង្គភាពដែលត្រូវបានបណ្តុះបណ្តាលខ្ពស់ដូចជា Green Berets និង 82nd Airborne មានមូលដ្ឋាននៅទីនោះផងដែរ នេះបើយោងតាមសារព័ត៌មាន Associated Press ។

នៅក្នុងការកត់សម្គាល់ពីការិយាល័យ Oval មុនពេលគាត់ចាកចេញទៅកាន់រដ្ឋ North Carolina លោក ត្រាំ បានលើកឡើងថាក្រុមអ្នកតវ៉ា ដែលបានប្រមូលផ្តុំគ្នាក្នុងអំឡុងពេល ព្យុហយាត្រាយោធានឹងត្រូវបានជួបជាមួយនឹង “កម្លាំងដ៏ធំ” ដែលជាការព្រមានដ៏ខ្មៅងងឹត ដែលមិនធ្វើឱ្យមានភាពខុសគ្នារវាងបាតុកម្មដោយសន្តិវិធី និងការប្រឈមមុខគ្នាដោយហិង្សា។

លោក ដូណាល់ ត្រាំ បានអួតអំពី “ថ្ងៃដ៏អស្ចារ្យ” ដែលលោកបានគ្រោងទុក មុននឹងនិយាយថា បាតុករណាមួយនឹងត្រូវបានបង្ក្រាបយ៉ាងឃោរឃៅ សម្រាប់អ្នកដែលចង់តវ៉ា ពួកគេនឹងត្រូវជួបដោយកម្លាំងខ្លាំងណាស់ ហើយខ្ញុំក៏មិនបានឮអំពីការតវ៉ាដែរ ប៉ុន្តែអ្នកដឹងទេថា នេះជាមនុស្សដែលស្អប់ប្រទេសយើង ហើយពួកគេនឹងត្រូវជួបដោយកម្លាំង »។

របាយការណ៍បានឲ្យដឹងថា “ការអត្ថាធិប្បាយរបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីបានចំណាយពេលជាច្រើននាទី ដើម្បីសរសើរដល់ការដាក់ពង្រាយ របស់រដ្ឋបាលរបស់គាត់នូវឆ្មាំជាតិ និងកងម៉ារីនរាប់ពាន់នាក់ក្នុងការឆ្លើយតបទៅនឹង ការតវ៉ាដែលបានផ្ទុះឡើងកាលពីចុងសប្តាហ៍នៅទីក្រុង Los Angeles ប្រឆាំងនឹងការវាយឆ្មក់របស់សហព័ន្ធអន្តោប្រវេសន៍” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top