ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា កិច្ចចរចាដោយប្រយោលលើកទី៦ ជាមួយអាមេរិក គ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ នៅប្រទេសអូម៉ង់

Xinhua

តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា កិច្ចចរចានុយក្លេអ៊ែរដោយប្រយោលលើកទី៦ រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Muscat នៃប្រទេសអូម៉ង់ នៅថ្ងៃអាទិត្យសប្ដាហ៍នេះ។

អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានធ្វើកិច្ចចរចាដោយប្រយោលចំនួនប្រាំជុំដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ដែល ៣លើកនៅទីក្រុង Muscat ប្រទេសអូម៉ង់ និង ២លើកនៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ចាប់តាំងពីខែមេសា ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ និងការដកទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយជុំទី៥ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភានៅទីក្រុងរ៉ូម។

កាលពីចុងខែឧសភា សហរដ្ឋអាមេរិក បានបង្ហាញសំណើមួយទៅក្រុងតេអេរ៉ង់ តាមរយៈប្រទេសអូម៉ង់ សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលជាមួយអ៊ីរ៉ង់។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានឲ្យដឹងថា សំណើរបស់សហរដ្ឋអាមេរិក មិនមែនជាលទ្ធផលនៃកិច្ចចរចាមុនៗនោះទេ ហើយអ៊ីរ៉ង់ នឹងដាក់សំណើរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក តាមរយៈប្រទេសអូម៉ង់វិញផងដែរ។

លោកបានសង្កត់ធ្ងន់ថា សំណើណាមួយដែលមិនគោរពសិទ្ធិជាតិរបស់អ៊ីរ៉ង់ រួមទាំងសិទ្ធិរបស់ខ្លួនក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងការបន្ធូរបន្ថយទណ្ឌកម្មប្រកបដោយប្រសិទ្ធភាព គឺមិនអាចទទួលយកបាននោះទេ។ លោក បានបន្ដថា សំណើនាពេលខាងមុខរបស់អ៊ីរ៉ង់ នឹង “សមហេតុផល និងមានតុល្យភាព” ដោយជំរុញឱ្យសហរដ្ឋអាមេរិក ពិចារណាវាឱ្យបានហ្មត់ចត់ ហើយការទទួលយកសំណើនេះ ក៏នឹងបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិកវិញផងដែរ” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top