បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា អ៊ីរ៉ង់បានបើកការវាយប្រហារ សងសឹកប្រឆាំងនឹងអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសុក្រ ដោយបានបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ទៅកាន់ប្រទេសអ៊ីស្រាអែល។ កងឆ្មាំបដិវត្តន៍ឥស្លាមវរជនអ៊ីរ៉ង់ (IRGC) ក៏បានបញ្ជាក់អំពីការវាយប្រហារនេះផងដែរ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា មីស៊ីលដែលវាយប្រហារចូលមកត្រូវបានទទួលស្គាល់ដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ដែលបានជំរុញឱ្យពលរដ្ឋផ្លាស់ទីទៅកាន់ទីជម្រក ហើយស្នាក់នៅទីនោះរហូតដល់មានការជូនដំណឹងបន្ថែម។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការចាកចេញពីកន្លែងដែលត្រូវបានការពារគឺត្រូវបានអនុញ្ញាតតែតាមការណែនាំច្បាស់លាស់។ បន្តធ្វើតាមការណែនាំរបស់ Home Front Command” ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែល។
ការបាញ់ផ្លោងដំបូងត្រូវបានតាមដានយ៉ាងជិតស្និទ្ធដោយរលកទីពីរនៃមីស៊ីល។ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមដានមួយថា “ការវាយប្រហារកំពុងបន្ត។ មីស៊ីលរាប់សិបគ្រាប់ទៀតត្រូវបានបាញ់ឆ្ពោះទៅកាន់រដ្ឋអ៊ីស្រាអែល” ហើយ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមដាន ដោយជំរុញឱ្យសាធារណជន “កុំផ្សព្វផ្សាយ និងចែករំលែកទីតាំង និងវីដេអូនៃការបាញ់ប្រហារ” ហើយអះអាងថា “ការផ្ទុះដែលអ្នកកំពុងឮ គឺបណ្តាលមកពីការស្ទាក់ចាប់ ឬគ្រាប់ផ្លោងធ្លាក់” ។
IRGC របស់អ៊ីរ៉ង់ បានបញ្ជាក់ថា ខ្លួនបានចាប់ផ្តើមការវាយប្រហារសងសឹកប្រឆាំងនឹងអ៊ីស្រាអែល។ សកម្មភាពយោធាត្រូវបានគេដាក់ឈ្មោះថា Operation True Promise III ដែលជាឈ្មោះដែលហាក់ដូចជាសំដៅទៅលើការវាយប្រហារដែលបានធ្វើឡើងពីមុនដោយទីក្រុងតេអេរ៉ង់ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា
