បរទេស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ការវាយប្រហារដែលកំពុងបន្តរបស់អ៊ីស្រាអែលទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ បានសម្លាប់ឧត្តមសេនីយ៍ និងអ្នកវិទ្យាសាស្ត្រ ចំនួន ៧៨ នាក់ និងរបួសជាង ៣២០នាក់ កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សេវាពេទ្យរបស់អ៊ីស្រាអែលបាននិយាយថា ឯកអគ្គរដ្ឋទូតបាននិយាយភ្លាមៗបន្ទាប់ពីអ៊ីរ៉ង់បានសងសឹកជាមួយនឹងវាយប្រហារដោយមីស៊ីល រយៈចម្ងាយឆ្ងាយសំដៅទៅលើរដ្ឋធានីពាណិជ្ជកម្មរបស់អ៊ីស្រាអែលគឺ Tel Aviv ដែលបានធ្វើឱ្យមនុស្សយ៉ាងហោចណាស់ ៣៤ នាក់រងរបួស។
អ៊ីស្រាអែលបានបើកការវាយប្រហារលើអ៊ីរ៉ង់ចំពេលមានភាពតានតឹងជុំវិញកម្មវិធីនុយក្លេអ៊ែរដែលរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុងតេអេរ៉ង់។ អស់ជាច្រើនឆ្នាំមកនេះ អ៊ីស្រាអែលបានគំរាមធ្វើការវាយប្រហារពីដែនអាកាសបែបនេះ ហើយរដ្ឋបាលអាមេរិកជាបន្តបន្ទាប់បានព្យាយាមទប់ស្កាត់ ដោយខ្លាចថាវានឹងបង្កជម្លោះកាន់តែទូលំទូលាយនៅទូទាំងមជ្ឈិមបូព៌ា ហើយប្រហែលជាគ្មានប្រសិទ្ធភាពក្នុងការបំផ្លាញកម្មវិធីនុយក្លេអ៊ែរដែលរឹងមាំរបស់អ៊ីរ៉ង់។
នៅពេលដែលមីស៊ីលរបស់អ៊ីរ៉ង់ និងគ្រាប់រ៉ុក្កែតស្ទាក់ចាប់អ៊ីស្រាអែលបានបន្សល់ទុកនូវផ្សែង និងអណ្តាតភ្លើងពេញផ្ទៃមេឃពេលយប់ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្តេជ្ញាថានឹងមិនអនុញ្ញាតឱ្យអ៊ីស្រាអែល “គេចចេញដោយសុវត្ថិភាពពីឧក្រិដ្ឋកម្មដ៏ខ្លាំងក្លានេះឡើយ”៕
ប្រែសម្រួលៈ ណៃ តុលា
