ព័ត៌មានអន្តរជាតិ

ម៉ិកស៊ិក បញ្ជាក់​ជាថ្មី​ប្រឆាំង​នឹង ​ការ​វាយឆ្មក់​អន្តោប្រវេសន៍​របស់​អាមេរិក

Xinhua

ម៉ិចស៊ិក៖ ប្រធានាធិបតីម៉ិកស៊ិកលោកស្រី Claudia Sheinbaum បានឲ្យដឹងថា លោកស្រីបានអះអាងជាថ្មីពីការប្រឆាំង ចំពោះការវាយឆ្មក់អន្តោប្រវេសន៍ ដែលកំពុងបន្តនៅក្នុងសហរដ្ឋអាមេរិក ដោយថាវិធានការនេះគឺផ្ទុយទៅនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់លោកស្រី Sheinbaum បានប្រាប់អ្នកយកព័ត៌មានអំពីកិច្ចប្រជុំរបស់លោកស្រី ជាមួយនឹងការបំពេញទស្សនកិច្ចរបស់អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Christopher Landau កាលពីថ្ងៃពុធ។

លោកស្រីប្រធានាធិបតីបានលើកឡើងថា អ្នកទាំងពីរបាននិយាយអំពីបញ្ហាជាច្រើន រួមទាំងឧក្រិដ្ឋកម្ម អន្តោប្រវេសន៍ ពាណិជ្ជកម្ម និង “ការការពារបងប្អូនជនចំណាកស្រុករបស់យើង”។

លោកស្រីបានបន្ថែមថា “យើងប្រឆាំងនឹងការប្រើប្រាស់ការវាយឆ្មក់ ដើម្បីឃុំខ្លួនមនុស្សដែលធ្វើការដោយស្មោះត្រង់នៅក្នុងសហរដ្ឋអាមេរិក” ដោយកត់សម្គាល់ថាការវាយឆ្មក់ “នឹងធ្វើឱ្យប៉ះពាល់ដល់មិនត្រឹមតែប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក” ។

លោកស្រី Sheinbaum បានបន្ថែមថា វាគឺជា “កិច្ចប្រជុំដ៏ល្អ” ដែលបង្ហាញពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top