បរទេស ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ RT ថា ទីក្រុងវ៉ាស៊ីនតោននឹងមានកំហុសធ្ងន់ធ្ងរ ដោយការសម្រេចចិត្ត ឲ្យមានការវាយប្រហារ ទៅលើប្រទេសអ៊ីរ៉ង់ ។
លោកអ្នកនាំពាក្យរូបនេះ បានព្រមានទៀតថា យ៉ាងណាក្តីក្នុងករណី នៃការចូលរួមដោយផ្ទាល់ណាមួយ ពីសហរដ្ឋអាមេរិក នៅក្នុងជម្លោះ ដែលកំពុងបន្តរវាង សាធារណរដ្ឋអ៊ីស្លាម និងអ៊ីស្រាអែល នោះវានឹងអាចធ្វើឱ្យស្ថានការណ៍ ក្នុងតំបន់កាន់តែអាក្រក់ទៅៗ ជាក់ជាមិនខានឡើយ។
ភាពតានតឹងបានកើនឡើង កាលពីសប្តាហ៍មុន បន្ទាប់ពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការទម្លាក់ គ្រាប់បែកទ្រង់ទ្រាយធំ ប្រឆាំងនឹងអ៊ីរ៉ង់ដោយអះអាងថា ទីក្រុងតេហរ៉ង់អាចនឹងជោគជ័យ ក្នុងការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
ប៉ុន្តែករណីនេះប្រទេសអ៊ីរ៉ង់ បានច្រានចោលការចោទប្រកាន់ម្តង ហើយម្តងទៀត និងបានធ្វើការសងសឹក ជាមួយនឹងរលក នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីស្រាអែល។ មកដល់ពេលនេះប្រទេសទាំងពីរបានបន្តធ្វើការវាយប្រហារគ្នាទៅវិញ ទៅមកនៅឡើយ។
គួរឲ្យដឹងដែរថាប្រធានាធិបតី អាមេរិកលោក Donald Trump ក៏បានធ្វើការគំរាមកំហែង ដោយផ្ទាល់ប្រឆាំង នឹងទីក្រុងតេហរ៉ង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយទាមទារឱ្យមានការ ចុះចាញ់ទាំងស្រុង និងការបោះបង់ចោលកម្មវិធី នុយក្លេអ៊ែរ របស់ខ្លួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
