ព័ត៌មានអន្តរជាតិ

លោក Putin លើកឡើងថា លោករកមិនឃើញ ហេតុផលណាមួយ ដែលគួរឲ្យមានការវាយ ប្រហារទៅលើអ៊ីរ៉ង់

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រាប់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ថា ជម្លោះរបស់អ៊ីស្រាអែល និងអាមេរិកប្រឆាំងនឹង អ៊ីរ៉ង់ គឺគ្មានមូលដ្ឋាន និងមិនសមហេតុផលនោះទេ។

អ្នកការទូតកំពូលរបស់អ៊ីរ៉ង់ ដែលបានធ្វើដំណើរ នៅដល់ទីក្រុងមូស្គូ និងបានជួបជាមួយប្រធានាធិបតីរុស្ស៊ីកាលពីថ្ងៃចន្ទ បាននិយាយមុននេះថា ដំណើរទស្សនកិច្ចនេះគឺ ចាំបាច់សម្រាប់ ការពិគ្រោះយោបល់កាន់តែជិតស្និទ្ធ ច្បាស់លាស់ និងកាន់តែធ្ងន់ធ្ងរជាងនេះ ជាមួយរុស្ស៊ី បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។

ក្នុងអំឡុងពេលកិច្ចប្រជុំនៅវិមានក្រឹមឡាំង លោកPutinបានពណ៌នាការវាយប្រហារលើអ៊ីរ៉ង់ថាជា ការឈ្លានពានដែលមិនបង្កហេតុ ដែល មិនអាចមានហេតុផលណាមួយត្រឹមត្រូវឡើយ ។

លោក​បាន​បន្ថែម​ថា សកម្មភាព​របស់​អ៊ីស្រាអែល និង​អាមេរិក​គឺ មិន​ស្រប​ច្បាប់នោះទេហើយ និងថែមទាំង​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិទៀតផង។

យ៉ាងណាក្តីមេដឹកនាំរុស្ស៊ី បានកត់សម្គាល់ថា គាត់រីករាយដែលបានឃើញលោក Araghchi នៅទីក្រុងមូស្គូដោយនិយាយថា ដំណើរទស្សនកិច្ច របស់គាត់នឹងអនុញ្ញាតឱ្យរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីបញ្ហាសំខាន់ៗទាំងនេះហើយរួមគ្នាគិតអំពីផ្លូវចេញពីស្ថានភាពបច្ចុប្បន្នជាមួយគ្នា៕

ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top