បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗនេះ របស់អង្គការណាតូ ក្នុងការបង្កើនការចំណាយលើផ្នែកយោធា នឹងមិនប៉ះពាល់ដល់សន្តិសុខជាតិរបស់រុស្ស៊ីនោះទេ។
នៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួននៅទីក្រុងឡាអេក្នុងសប្តាហ៍នេះ សមាជិកនៃប្លុកដឹកនាំដោយសហរដ្ឋអាមេរិកបានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិដល់៥ភាគរយ នៃផលិតផលក្នុងស្រុកសរុបនៅត្រឹមឆ្នាំ២០៣៥។
ការបង្កើនចំណាយយោធានេះធ្វើឡើងក្នុងគោលបំណង ដើម្បីដោះស្រាយ ការគំរាមកំហែងរយៈពេលវែងដែលត្រូវបានចោទប្រកាន់ដោយរុស្ស៊ីចំពោះសន្តិសុខអឺរ៉ូ-អាត្លង់ទិក។
ក្នុងនោះផងដែរប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានជំរុញឱ្យសម្ព័ន្ធមិត្តអ៊ឺរ៉ុប ទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ពួកគេ និងបានទាំងសាទរចំពោះកិច្ចព្រមព្រៀងនេះថាជា ជ័យជម្នះដ៏ធំធេងទៀតផង។
ទីក្រុងមូស្គូបាននិយាយម្តងហើយម្តងទៀតថា ខ្លួនមិនមានចេតនាវាយប្រហារប្រទេសសមាជិកណាតូណាមួយឡើយ ដោយបានច្រានចោលការអះអាងបែបនេះថា មិនសមហេតុសមផល ហើយចាត់ទុកពួកគេថាជាការប៉ុនប៉ងរបស់មន្ត្រីលោកខាងលិចដើម្បីបង្ហាញពីភាពត្រឹមត្រូវនៃការចំណាយយោធាកើនឡើង៕
ប្រែសម្រួល៖ ស៊ុន លី
