ព័ត៌មានអន្តរជាតិ

កិច្ចចរចាផ្ទាល់រវាងអាមេរិក និងអ៊ីរ៉ង់ ទំនងជានឹងគ្រោងនឹងធ្វើឡើងនៅទីក្រុង Oslo នៅសប្តាហ៍ក្រោយ

ហ៊ូស្តុន៖ ប្រេសិតសេតវិមានលោក Steve Witkoff គ្រោងនឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅទីក្រុង Oslo នៅសប្តាហ៍ក្រោយ ដើម្បីចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែរឡើងវិញ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយសារព័ត៌មានអនឡាញ Axios របស់សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍។

របាយការណ៍បានឲ្យដឹងថា ប្រទេសទាំងពីរមិនបានបញ្ជាក់ជាសាធារណៈអំពីកិច្ចប្រជុំនេះទេ ហើយកាលបរិច្ឆេទចុងក្រោយនៃកិច្ចចរចាមិនត្រូវបានកំណត់នោះទេ។ មន្ត្រីសេតវិមានបានប្រាប់ Axios ថា “យើងមិនមានសេចក្តីប្រកាសអំពីការធ្វើដំណើរទេនៅពេលនេះ” ។

ប្រសិនបើវាកើតឡើង វានឹងកត់សម្គាល់ការចរចាដោយផ្ទាល់ជាលើកដំបូងចាប់តាំងពីអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនា។ នៅក្នុងបទសម្ភាសន៍ជាមួយ CBS News នៅទីក្រុងតេអេរ៉ង់ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក Araghchi បានឲ្យដឹងថា ប្រទេសនេះនៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រេចចិត្តអំពីការបន្តការចរចាជាមួយសហរដ្ឋអាមេរិក។

មន្ទីរបញ្ចកោណបានឲ្យដឹងកាលពីថ្ងៃពុធថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក កាលពីខែមុនលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់សំខាន់ៗចំនួន៣ បានកំណត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ “ពីមួយទៅពីរឆ្នាំ” ។ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បានចេញដីកាសម្រេចផ្អាកកិច្ចសហប្រតិបត្តិការរបស់ប្រទេសជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) រហូតដល់អធិបតេយ្យភាព បូរណភាពទឹកដី និងសុវត្ថិភាពនៃរោងចក្រនុយក្លេអ៊ែរ និងអ្នកវិទ្យាសាស្ត្ររបស់អ៊ីរ៉ង់ ត្រូវបានធានាយ៉ាងពេញលេញ។

ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Tammy Bruce បានឲ្យដឹងកាលពីថ្ងៃពុធថា ការផ្អាកកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ជាមួយ IAEA គឺ “មិនអាចទទួលយកបាន” ។ ទោះជាយ៉ាងណាក៏ដោយ លោក Araghchi កាលពីថ្ងៃព្រហស្បតិ៍បានសរសេរនៅលើ X ថាអ៊ីរ៉ង់ នៅតែប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងការពារសុវត្ថិភាពរបស់ខ្លួន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top