អូស្លូ៖ ដាណឺម៉ាក បានចូលកាន់តំណែងជាប្រធានប្តូរវេន នៃក្រុមប្រឹក្សាសហភាពអឺរ៉ុបជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ដោយប្រារព្ធពិធីនេះជាមួយនឹងដំណើរទស្សនកិច្ច របស់មេដឹកនាំមកពីគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប និងពិធីបើកជាផ្លូវការនៅទីក្រុង Aarhus ដែលជាទីក្រុងធំទីពីររបស់ប្រទេសដាណឺម៉ាក។
នៅក្នុងពិធីសម្ពោធនោះ នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសន្យាថា ប្រទេសដាណឺម៉ាកនឹង «ធ្វើអស់ពីសមត្ថភាព ដើម្បីបង្កើតទ្វីបអឺរ៉ុបដ៏មានឥទ្ធិពល និងកាន់តែមានការសម្រេចចិត្ត»។ លោកស្រីបានបញ្ជាក់សារជាថ្មីថា ប្រទេស Nordic នឹងផ្តល់អាទិភាពដល់ការរក្សា និងពង្រឹងការគាំទ្ររបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីរយៈពេល ៦ខែរបស់ខ្លួន។
លោកស្រីបានលើកឡើងថា “វាត្រូវបានគេនិយាយថាយើងរស់នៅ ក្នុងយុគសម័យនៃសត្វមំសាសី។ ក្នុងយុគសម័យនេះ អឺរ៉ុបមិនត្រូវក្លាយជាសត្វព្រៃនោះទេ។ ផ្ទុយទៅវិញ យើងត្រូវក្រោកឡើងបង្ហាញកម្លាំងពិតរបស់យើង” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលបានចូលរួមក្នុងពិធីបើកនោះបានគូសបញ្ជាក់អំពីសារៈសំខាន់ នៃសេចក្តីប្រាថ្នាសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែន។ លោកបានលើកឡើងថា “យើងកំពុងនៅលើផ្លូវនេះហើយយើងចង់ឆ្ពោះទៅមុខ ដើម្បីក្លាយជាសមាជិកនៃសហភាពអឺរ៉ុប” ដោយអំពាវនាវឱ្យមានការគាំទ្រពីមេដឹកនាំអឺរ៉ុបទាំងអស់ ដើម្បីបើកចង្កោមការចរចាជាផ្លូវការ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa ក៏បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្ត របស់សហភាពអឺរ៉ុប ចំពោះដំណើរការសមាជិកភាពរបស់អ៊ុយក្រែន។ លោកបានគូសបញ្ជាក់បន្ថែមអំពី សារៈសំខាន់ដ៏ទូលំទូលាយ នៃតំណែងប្រធានាធិបតីដាណឺម៉ាក ដោយកត់សម្គាល់ថាការចាប់ផ្តើមនៃអាណត្តិប្រធានាធិបតី ផ្លាស់ប្តូរថ្មីនាំមកនូវថាមពលជាថ្មីដល់សហភាពអឺរ៉ុប៕
ប្រែសម្រួល ឈូក បូរ៉ា
