ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាក់ថា រុស្ស៊ី នឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ក្នុងជម្លោះជាមួយអ៊ុយក្រែន

Xinhua

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា ទីក្រុងមូស្គូ នឹងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែន រួមទាំងការលុបបំបាត់បុព្វហេតុឫសគល់របស់ខ្លួន នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov ។

លោក Ushakov បានលើកឡើងថា “ប្រធានាធិបតីរបស់យើងបាននិយាយថា រុស្ស៊ីនឹងសម្រេចបាននូវគោលដៅរបស់ខ្លួន ពោលគឺលុបបំបាត់បុព្វហេតុឫសគល់ដ៏ល្បី ដែលនាំឱ្យស្ថានការណ៍បច្ចុប្បន្ន ឈានទៅដល់ការប្រឈមមុខដាក់គ្នា យ៉ាងធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន ហើយរុស្ស៊ីនឹងមិនបោះបង់ចោលនូវគោលដៅទាំងនេះឡើយ” ។

លោកបានលើកឡើងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចាជុំទី៣ ជាមួយអ៊ុយក្រែន ដោយបន្ថែមថាលោក ពូទីន និងលោក ត្រាំ មិនបានពិភាក្សាអំពីចំណុចជាក់លាក់នៃ អ្វីដែលនឹងត្រូវពិភាក្សាក្នុងអំឡុងពេលការចរចា ដែលអាចកើតមាននោះទេ។

ជំនួយការវិមានក្រឹមឡាំង បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកពូទីន និងលោក ត្រាំ បានពិភាក្សាគ្នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ីរ៉ង់ និងមជ្ឈិមបូព៌ា និងស្ថានភាពនៅក្នុងប្រទេសស៊ីរី តាមទូរស័ព្ទ។ ស្តីពីបញ្ហាតំបន់មជ្ឈិមបូព៌ា លោក ពូទីន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយរាល់ជម្លោះ ការខ្វែងគំនិត និងស្ថានភាពជម្លោះផ្តាច់មុខដោយមធ្យោបាយនយោបាយ និងការទូត។ គ្រប់ភាគី បានយល់ព្រមរក្សាទំនាក់ទំនងក្នុងរឿងនេះ នៅកម្រិតនៃក្រសួងការបរទេស ក្រសួងការពារជាតិ និងជំនួយការប្រធានាធិបតី។

លោក Ushakov បានបន្ដថា លោកពូទីន និងលោក ត្រាំ បានបញ្ជាក់ពីចំណាប់អារម្មណ៍ទៅវិញទៅមករបស់មេដឹកនាំទាំងពីរ ក្នុងការអនុវត្តគម្រោងសេដ្ឋកិច្ចជាបន្តបន្ទាប់រវាងរុស្ស៊ី និងសហរដ្ឋអាមេរិក រួមទាំងផ្នែកថាមពល និងលំហអាកាសផងដែរ។

លោកបានបន្ថែមថា “នៅក្នុងក្របខ័ណ្ឌនៃការផ្លាស់ប្តូរមតិលើបញ្ហាទ្វេភាគី ភាគីទាំងពីរបានបញ្ជាក់ពីចំណាប់អារម្មណ៍ទៅវិញទៅមក របស់ពួកគេក្នុងការសម្រេចបាន នូវគម្រោងសេដ្ឋកិច្ចជាបន្តបន្ទាប់ ជាពិសេសនៅក្នុងវិស័យថាមពល និងការស្រាវជ្រាវអវកាស”៕

ប្រែសម្រួល ឈូក បូរ៉ា

To Top