ព័ត៌មានអន្តរជាតិ

នាយក​រដ្ឋមន្ត្រី​ជប៉ុន ប្រឆាំង​នឹង​ទស្សនៈ​របស់​លោក ត្រាំ លើ​ការ​នាំ​ចូល​អង្ករ មុន​ការ​បោះឆ្នោត

kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រឆាំងនឹងការអះអាងរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលថាប្រទេសជប៉ុន មិននាំចូលអង្ករពីសហរដ្ឋអាមេរិក ដោយថាការយល់ខុសគួរតែត្រូវបានកែតម្រូវ។

ការអត្ថាធិប្បាយរបស់លោក Ishiba ដែលធ្វើឡើងក្នុងកិច្ចប្រជុំជាមួយកសិករ នៅថ្ងៃទីពីរនៃយុទ្ធនាការសម្រាប់ការបោះឆ្នោតសភា ទូទាំងប្រទេសបានធ្វើតាមការកត់សម្គាល់ របស់គាត់កាលពីថ្ងៃមុនដែលថា លោក ត្រាំ អាចត្រូវបានផ្តល់ព័ត៌មានខុសអំពីការនាំចូលអង្ករ និងរថយន្តរបស់ប្រទេសជប៉ុន ពីសហរដ្ឋអាមេរិក។

លោក Ishiba ដែលដឹកនាំគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច ដែលធ្លាប់ទទួលបានការគាំទ្រពីក្រុមកសិកម្ម បានរំលឹកឡើងវិញថា រដ្ឋាភិបាលរបស់លោកនឹងមិនធ្វើឱ្យ ប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ដើម្បីឈានដល់កិច្ចព្រមព្រៀង ពន្ធគយជាមួយសហរដ្ឋអាមេរិកនោះទេ។

លោក Ishiba បានឲ្យដឹងនៅក្នុងកិច្ចប្រជុំនៅក្នុងខេត្តហ្វូគូស៊ីម៉ា ដែលជាតំបន់មួយដែលគេស្គាល់ថា សម្រាប់ការដាំដុះស្រូវនៅភាគឦសានប្រទេសជប៉ុនថា “យើងបាននាំចូលអង្ករពីរដ្ឋកាលីហ្វ័រញ៉ា” ។

លោកបានលើកឡើងថា “យើងត្រូវតែធ្វើឱ្យប្រាកដថាចំណុចនេះត្រូវបានយល់យ៉ាងច្បាស់” ដោយភាគីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

កិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីជប៉ុន-អាមេរិក ក្នុងគោលបំណងស្វែងរកចំណុចរួមលើពន្ធគយ ហាក់ដូចជាទទួលបានផលអាក្រក់ ដោយលោក ត្រាំ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានបញ្ចេញការត្អូញត្អែរអំពីពាណិជ្ជកម្ម របស់ប្រទេសលោកជាមួយប្រទេសជប៉ុន។

លោក ត្រាំ បានឲ្យដឹងនៅក្នុងការបង្ហោះ ប្រព័ន្ធផ្សព្វផ្សាយសង្គមនាពេលថ្មីៗនេះថា ប្រទេសជប៉ុន “នឹងមិនយកអង្កររបស់យើងនោះទេ ហើយពួកគេនៅតែខ្វះខាតអង្ករយ៉ាងខ្លាំង” ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top