កិច្ចសន្ទនាជាយុទ្ធសាស្រ្តជាន់ខ្ពស់រវាងចិននិងសហភាពអឺរ៉ុបជុំទី១៣ បានប្រារព្ធធ្វើនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកនាពេលថ្មីៗកន្លងទៅនេះ ។ លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃសហភាពអឺរ៉ុបព្រមទាំងបានបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់និងបារាំង ។ ភាគីចិនបានសង្កត់ធ្ងន់ថា ដំណើរអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបបានសឱ្យឃើញថា ទិសដៅនៃទំនាក់ទំនងរវាងភាគីទាំងពីរ គឺភាពជាដៃគូ មិនមែនជាដៃគូប្រជែងនោះទេ កិច្ចសហប្រតិបត្តិការគឺជាខ្លឹមសារសំខាន់ និងជាយុថ្កាសម្រាប់លំនឹងនាវា ហើយបានអំពាវនាវឱ្យប្រទេសចិន និងអឺរ៉ុបពួតដៃគ្នាដើម្បីផ្តល់នូវភាពប្រាកដប្រជាដ៏កម្រមានសម្រាប់ពិភពលោក ។ ឥស្សរជនជាច្រើនរូបដូចជាលោក António Luís Santos da Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុបជាដើមបានថ្លែងថា ភាគីអឺរ៉ុបរីករាយគោរពគ្នាទៅវិញទៅមក ជម្នះការខ្វែងគំនិតនិងបង្កើនការយោគយល់ជាមួយភាគីចិន ក៏ដូចជាត្រៀមលក្ខណៈឱ្យបានល្អសម្រាប់កិច្ចជំនួបថ្នាក់ដឹកនាំលើកថ្មី និងអភិវឌ្ឍទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិនដែលកាន់តែមានលក្ខណៈស្ថាបនាដើម្បីបំពេញបន្ថែមនូវស្ថិរភាព ជំនឿចិត្តនិងការព្យាករណ៍វិជ្ជមានសម្រាប់ពិភពលោក ។
“កម្លាំងសំខាន់ទាំងពីរ ទីផ្សារធំទាំងពីរ និងអរិយធម៌ធំទាំងពីរ” ទិសដៅនៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបនេះគឺមានន័យថា ការប្រាស្រ័យទាក់ទងនិងកិច្ចសហប្រតិបត្តិការមិនត្រឹមតែបានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងក៏មានអំណោយផលដល់ពិភពលោកផងដែរ ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងសហភាពអឺរ៉ុបបានលើសពី១ ភាគ ៣ នៃពិភពលោកទាំងមូល ទំហំពាណិជ្ជកម្មបានលើសពី ១ ភាគ ៤ នៃពិភពលោកទាំងមូល ។ ដោយឡែកភាគីទាំងពីរសុទ្ធតែប្រកាន់ខ្ជាប់នូវពហុភាគីនិយមនិងគាំទ្រពាណិជ្ជកម្មសេរី ហើយបានរក្សាការប្រាស្រ័យទាក់ទងនិងកិច្ចសម្របសម្រួលលើបញ្ហាសំខាន់ៗ ដូចជាបម្រែបម្រួលអាកាសធាតុនិងបញ្ញាសិប្បនិម្មិត ។
ប៉ុន្តែ ជាយូរណាស់មកហើយ នៅផ្ទៃក្នុងសហភាពអឺរ៉ុប មានចិត្តគំនិតទំនាស់និងមិនប្រាកដប្រជាជុំវិញបញ្ហាដែលថាតើត្រូវប្រើក្រសែភ្នែកយ៉ាងណាចំពោះការអភិវឌ្ឍរបស់ប្រទេសចិន ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរងផលប៉ះពាល់ពីកត្តាផ្ទៃក្នុងនិងខាងក្រៅ ថ្នាក់ដឹកនាំសហភាពអឺរ៉ុបមួយចំនួនបានកំណត់ប្រទេសចិនថាជា”ដៃគូប្រជែង” ។ មនុស្សមួយចំនួននៅអឺរ៉ុបតែងតែឃោសនាបំប៉ោងពី”គំនិតស្តីពីការគំរាមកំហែងរបស់ប្រទេសចិន” ហើយបានចោទប្រកាន់ដោយផ្តេសផ្តាសទៅលើប្រទេសចិនអំពីបញ្ហាដូចជាសិទ្ធិមនុស្សនិងសន្តិសុខជាដើម ។ ការធ្វើអ៊ីចឹង វាមានតែប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃការកសាងទំនុកចិត្តគ្នារវាងចិននិងអឺរ៉ុបប៉ុណ្ណោះ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅអឺរ៉ុបលើកនេះ រដ្ឋមន្ត្រីការបរទេសចិនបានគូសបញ្ជាក់ថា “បច្ចុប្បន្ននេះ អឺរ៉ុបកំពុងប្រឈមមុខនឹងការសាកល្បងគ្រប់បែបយ៉ាង ប៉ុន្តែ មិនថាអតីតកាល បច្ចុប្បន្នកាលឬមួយក៏អនាគតក៏ដោយ ក៏បញ្ហាសុទ្ធតែមិនបានមកពីប្រទេសចិននោះទេ” “លោករំពឹងថា ភាគីអឺរ៉ុបនឹងមានការយល់ដឹងចំពោះប្រទេសចិនដ៏សត្យានុម័តនិងប្រកបដោយវិចារណញ្ញាណ ហើយប្រកាន់ខ្ជាប់គោលនយោបាយចំពោះប្រទេសចិនដែលកាន់តែសកម្មនិងប្រាកដប្រជា” ។
តាមស្ថិតិនៃក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ពីខែមករាដល់ខែមិនា ឆ្នាំនេះ ការវិនិយោគរបស់តំបន់សហភាពអឺរ៉ុបនៅប្រទេសចិនបានកើនឡើង ១១,៧ ភាគរយ ។ អ្នកទទួលខុសត្រូវនៃសហគ្រាសអឺរ៉ុបជាច្រើនសម្គាល់ឃើញថា ប្រសិនបើបាត់បង់ទីផ្សារចិន នោះគឺ ស្មើនឹងបាត់បង់ទីតាំងដ៏សំខាន់មួយសម្រាប់ឈរជើងនៅលើពិភពលោក ។
“ទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបដែលប្រកបដោយភាពល្អប្រសើរនិងស្ថិរភាពវាមិនត្រឹមតែសម្រេចបាននូវការជួយគ្នាទៅវិញទៅមកប៉ុណ្ណោះទេ
ថែមទាំងក៏បានបំភ្លឺពិភពលោកទាំងមូលផងដែរ” ។ បន្ទាប់ពីឆ្លងកាត់អស់រយៈពេល ៥០ ឆ្នាំ យើងនឹងចាត់ទុកកិច្ចជំនួបថ្នាក់ដឹកនាំរវាងចិននិងសហភាពអឺរ៉ុបថ្មីមួយលើកដែលជិតនឹងបើកធ្វើជាឱកាសមួយ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងសហភាពអឺរ៉ុបត្រូវបានរំពឹងថា នឹងទទួលបានការវិវឌ្ឍថ្មីដើម្បីដើរតួនាទីជា”យុថ្កានៃស្ថិរភាព”សម្រាប់ពិភពលោកដែលមានភាពរង្គោះរង្គើឱ្យបានកាន់តែល្អប្រសើរ ៕
