បរទេស៖ អ៊ីស្រាអែលបានបើកប្រតិបត្តិការទម្លាក់គ្រាប់បែកយ៉ាងធំ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសយេម៉ែន ដោយក្រុមការពារជាតិអ៊ីស្រាអែល (IDF) បានចោទក្រុមឧទ្ទាម Houthi ថាជា “របបភេរវជន” ពីការរៀបចំកំពង់ផែ និងស្ថានីយថាមពលឡើងវិញសម្រាប់ការប្រើប្រាស់យោធា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា យុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹង ប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកគឺប្រទេស យេម៉ែន ដែលមានឈ្មោះថា Operation Black Flag ត្រូវបានប្រកាសកាលពីព្រឹកថ្ងៃចន្ទ ដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz និងកងកម្លាំងការពារអ៊ីស្រាអែល (IDF)។
ការវាយប្រហារបានផ្តោតលើ ហេដ្ឋារចនាសម្ព័ន្ធនៅកំពង់ផែ Hodeidah របស់យេម៉ែន, នៅ Ras Isa និង Al-Salif ក៏ដូចជាស្ថានីយ៍ថាមពលនៅ Ras Katib ។ ការផ្ទុះខ្លាំងត្រូវបានគេរាយការណ៍ នៅក្នុងតំបន់ជុំវិញទីតាំងគោលដៅ។
កងកម្លាំងការពារអ៊ីស្រាអែល បានអះអាងថា “កំពង់ផែទាំងនេះត្រូវបានប្រើប្រាស់ដោយរបបភេរវករ Houthi ដើម្បីផ្ទេរសព្វាវុធពីរបបអ៊ីរ៉ង់ ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការ ភេរវកម្មប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន”។ ប្រតិបត្តិការនេះត្រូវបានពិពណ៌នាថា ជាការឆ្លើយតបដោយផ្ទាល់ចំពោះការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលដែលបានបាញ់ចេញពីទឹកដី ដែលគ្រប់គ្រងដោយក្រុមឧទ្ទាម Houthi ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ៕
ប្រែសម្រួលៈ ណៃ តុលា
