ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារទីតាំង ១៣០កន្លែងនៅតំបន់ហ្គាហ្សា សម្លាប់យ៉ាងហោចណាស់ ៣៣នាក់

Xinhua
" "

យេរ៉ូសាឡឹម៖ យោធាអ៊ីស្រាអែល បានឲ្យដឹងថា ខ្លួនបានវាយប្រហារទីតាំងប្រហែល ១៣០កន្លែង នៅទូទាំងតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍របស់យោធា ការវាយប្រហារបានផ្តោតលើរចនាសម្ព័ន្ធបញ្ជា និងគ្រប់គ្រង កន្លែងផ្ទុកអាវុធ គ្រាប់ផ្លោង និងចំនួនក្រុមសកម្មប្រយុទ្ធដែល មិនបានបញ្ជាក់នៅក្នុងទីក្រុងហ្គាហ្សា និង Jabalia ។ ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលនៅតំបន់ហ្គាហ្សាបានរាយការណ៍ថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៣ នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល។

" "

ការវាយប្រហារនេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល កំពុងបញ្ជូនក្រុមចរចាទៅកាន់កាតាកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាជាមួយក្រុមហាម៉ាសលើ កិច្ចព្រមព្រៀងបទឈប់បាញ់ចំណាប់ខ្មាំង។ កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់បានឲ្យដឹងថា ខ្លួនបានផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ដល់ក្រុមអ្នកសម្រុះសម្រួលជុំវិញសំណើ បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយបន្ថែមថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចូលទៅក្នុងជុំនៃការចរចាភ្លាមៗ លើយន្តការសម្រាប់ការអនុវត្តក្របខ័ណ្ឌនេះ។

" "

ចាប់តាំងពីអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួន ឡើងវិញនៅតំបន់ហ្គាហ្សានៅថ្ងៃទី ១៨ ខែមីនា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៦,៨៦០ នាក់ត្រូវបានសម្លាប់ និង ២៤,២២០ នាក់ផ្សេងទៀតបានរងរបួស ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅហ្គាហ្សា ចាប់តាំងពីជម្លោះបានចាប់ផ្តើមក្នុងខែតុលា ឆ្នាំ២០២៣ កើឡើងដល់ ៥៧,៤១៨ នាក់ ជាមួយនឹងមនុស្សសរុបចំនួន ១៣៦,២៦១ នាក់បានរងរបួស ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top