ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន Ishiba ហៅការសម្រេចចិត្តពន្ធរបស់លោក Trump ថាពិតជាគួរឱ្យសោកស្តាយ

Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba បានហៅការសម្រេចចិត្តដាក់ពន្ធគយ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថាពិតជាគួរឱ្យសោកស្តាយ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រមានថា ប្រសិនបើជប៉ុនដំឡើងពន្ធ នោះអាមេរិកនឹងធ្វើដូចគ្នា នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១ ខែសីហា ដោយបង្កើនសម្ពាធបន្ថែមទៀតលើ សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម និងការសម្របសម្រួលដើម្បីទទួលបានកិច្ចព្រមព្រៀង។

នៅក្នុងសំបុត្រស្ទើរតែដូចគ្នា ដែលផ្ញើទៅកាន់មេដឹកនាំនៃប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលលោក ត្រាំ បានបង្ហោះទាំងស្រុងនៅលើវេទិកាសង្គម Truth Social លោកបានប្រាប់ថា ទំនាក់ទំនងពាណិជ្ជកម្មគឺ “ឆ្ងាយពីគ្នាទៅវិញទៅមក” ។ លោកបានសរសេរទៅកាន់នាយករដ្ឋមន្រ្តីជប៉ុនលោក Shigeru Ishiba និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung ថា “សូមយល់ថាចំនួន ២៥% គឺតិចជាងអ្វីដែលចាំបាច់ ដើម្បីលុបបំបាត់គម្លាតឱនភាពពាណិជ្ជកម្ម ដែលយើងមានជាមួយប្រទេសរបស់អ្នក” ។

លោក ត្រាំ ក៏បានព្រមានប្រទេសនីមួយៗថា ការដំឡើងពន្ធរបស់ពួកគេលើទំនិញ របស់សហរដ្ឋអាមេរិកនឹងត្រូវជួបជាមួយនឹង ការដំឡើងសមមូលដោយរដ្ឋបាលរបស់គាត់ លើសពីអត្រា ២៥ ភាគរយ។ ក្នុងពេលជាមួយគ្នានេះ លោក ត្រាំ បានលើកឡើងថា លោកអាចនឹងពិចារណាធ្វើ “ការកែតម្រូវ” ប្រសិនបើប្រទេសនានាកាត់បន្ថយនូវអ្វីដែលលោក បានពិពណ៌នាថាជារបាំងពាណិជ្ជកម្មរបស់ពួកគេ។

លោកបានបន្ដថា “ពន្ធគយទាំងនេះអាចត្រូវបានកែប្រែ ឡើងលើ ឬចុះក្រោម អាស្រ័យលើទំនាក់ទំនងរបស់យើងជាមួយប្រទេសរបស់អ្នក”។ នៅក្រោមពន្ធគយ ទៅវិញទៅមករបស់លោក ត្រាំ រដ្ឋបាលអាមេរិកក៏បានកំណត់ពន្ធលើមូលដ្ឋាន ឬជាសកលចំនួន ១០ ភាគរយដែលគ្របដណ្តប់លើការនាំចូល ពីប្រទេសស្ទើរតែទាំងអស់នៅក្នុងពិភពលោក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top