សេអ៊ូល៖ អ្នកនាំពាក្យក្រុមប្រឹក្សាពិសេសបានឲ្យដឹងថា តុលាការរបស់ប្រទេសកូរ៉េខាងត្បូង បានចេញដីកាឃុំខ្លួនអតីតប្រធានាធិបតីលោក Yoon Suk-yeol ដែលត្រូវបានស្វែងរកដោយទីប្រឹក្សាពិសេស ដែលស៊ើបអង្កេតការដាក់ច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោក។
តុលាការក្រុងសេអ៊ូល បានទទួលយកសំណើចេញពីលោក Cho Eun-suk ទីប្រឹក្សាឯករាជ្យដឹកនាំការស៊ើបអង្កេតលើការបះបោររបស់លោក Yoon និងការចោទប្រកាន់ផ្សេងទៀតដោយថា លោក Yoon មានការភ័យខ្លាចក្នុងការបំផ្លាញភស្តុតាង។
អ្នកនាំពាក្យរូបនេះបានកត់សម្គាល់ថា ការចោទប្រកាន់ដែលបញ្ជាក់ក្នុងដីការួមមានការរារាំងយុត្តិធម៌ ការរំលោភអំណាច និងការសរសេរឯកសារផ្លូវការក្លែងក្លាយ។
លោកក៏ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិរបស់សមាជិកគណៈរដ្ឋមន្ត្រី ដោយការដកពួកគេភាគច្រើនចេញពីកិច្ចប្រជុំដ៏សំខាន់មួយមុនការប្រកាសច្បាប់អាជ្ញាសឹកនៅថ្ងៃទី៣ ខែធ្នូ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។
របាយការណ៍បានឲ្យដឹងថា ការចោទប្រកាន់បន្ថែមរួមមានការបញ្ជាឱ្យផ្សព្វផ្សាយសេចក្តីថ្លែងការណ៍មិនពិតទៅកាន់ប្រព័ន្ធផ្សព្វផ្សាយបរទេស ណែនាំជំនួយការរារាំងការចាប់ខ្លួនគាត់ក្នុងខែមករា និងបញ្ជាឱ្យលុបកំណត់ត្រាហៅចេញពីទូរស័ព្ទដែលមានសុវត្ថិភាព។
ក្រុមទីប្រឹក្សាពិសេស ដែលបានបើកការស៊ើបអង្កេតរបស់ខ្លួនកាលពីថ្ងៃទី១៨ ខែមិថុនា បានស្វែងរកដីកាឃុំខ្លួនដើម្បីរក្សាលោក Yoon នៅក្នុងមន្ទីរឃុំឃាំង សម្រាប់រយៈពេលបន្ថែម ឬយ៉ាងហោចណាស់ ២០ថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា
