តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya បានអំពាវនាវឱ្យមានសណ្តាប់ធ្នាប់សេដ្ឋកិច្ចអន្តរជាតិ “សេរី យុត្តិធម៌ និងបើកចំហ” នៅក្នុងកិច្ចពិភាក្សារបស់លោកកាលពីថ្ងៃព្រហស្បតិ៍ ជាមួយសមភាគីអាស៊ានក្នុងប្រទេសម៉ាឡេស៊ី ចំពេលមានភាពតានតឹងពាណិជ្ជកម្ម ដែលកើតចេញពីការគំរាមកំហែងនៃពន្ធដ៏ខ្លាំង របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសជប៉ុន និងសមាជិកក្រុម។
ដោយកត់សម្គាល់សមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកទាំង ១០ គឺ “ជាចំណុចកណ្តាលនៃកំណើនពិភពលោក” លោក Iwaya បានឲ្យដឹងថា ប្រទេសជប៉ុន មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្លុកក្នុងតំបន់ដោយបន្ថែមតួនាទីរបស់ខ្លួន “កាន់តែមានសារៈសំខាន់សម្រាប់សន្តិភាព និងវិបុលភាពក្នុងតំបន់” ។
ជាមួយនឹងពន្ធដែលស្នើឡើងដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ រដ្ឋមន្ត្រីជប៉ុនបានសង្កត់ធ្ងន់លើតម្រូវការដើម្បី “ថែរក្សា និងពង្រឹង” ប្រព័ន្ធពាណិជ្ជកម្មពហុភាគីជាមួយ អង្គការពាណិជ្ជកម្មពិភពលោកជាស្នូលរបស់ខ្លួន។ លោក ត្រាំ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ពន្ធ ២៥ ភាគរយលើការនាំចូលពីប្រទេសជប៉ុនចាប់ពីថ្ងៃទី ១ ខែសីហាខណៈពេលដែលទំនិញពីសមាជិកអាស៊ានចំនួន ៦ នឹងប្រឈមមុខនឹងពន្ធរហូតដល់ ៤០ ភាគរយ។
ក្រសួងការបរទេសជប៉ុនបានឲ្យដឹងថា នៅក្នុងកិច្ចពិភាក្សានេះ រដ្ឋមន្ត្រីអាស៊ានបានចង្អុលបង្ហាញពីសារៈសំខាន់ នៃការធានានូវសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រចិនខាងត្បូង និងការដោះស្រាយជម្លោះក្នុងដែនទឹក ដោយផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ចំពេលមានភាពតានតឹងរវាងចិន និងសមាជិកអាស៊ានមួយចំនួនជុំវិញជម្លោះដែនដី។
រដ្ឋមន្ត្រីជប៉ុនរូបនេះ ក៏បានបង្ហាញពីផែនការរបស់ទីក្រុងតូក្យូ ក្នុងការជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាមួយបណ្តាប្រទេសអាស៊ាន រួមទាំងការបញ្ជូន “ដៃគូភាសាជប៉ុន” ប្រមាណ ៦០០ ទៅកាន់តំបន់នៅចុងខែមីនាឆ្នាំក្រោយផងដែរ ៕
ប្រែសម្រួល ឈូក បូរ៉ា
