បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានជួបជាមួយ សមភាគីចិន លោក Wang Yi នៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការកាន់តែជិតស្និទ្ធ និងបញ្ហាប្រឈមជា សាកលជាច្រើនទៀត។
កិច្ចពិភាក្សានេះបានធ្វើឡើង មុនសម័យប្រជុំក្រុមប្រឹក្សា រដ្ឋមន្ត្រីការបរទេស របស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងធានជីន ។ ក្រសួងការបរទេសរុស្សី បាននិយាយ នៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា រដ្ឋមន្ត្រីទាំងពីរ បានសម្តែង ការពេញចិត្តចំពោះវឌ្ឍនភាព នៃភាពជាដៃគូទូលំទូលាយ របស់ប្រទេសទាំងពីរ ក៏ដូចជាកិច្ចប្រជុំ SCO នាពេលខាងមុខ និងរបៀបវារៈរបស់ខ្លួន ។
សេចក្តីថ្លែងការណ៍បាន និយាយថា លើសពីនេះទៀត លោក Lavrov និងលោក Wang បានពិភាក្សាអំពីទំនាក់ ទំនងជាមួយសហរដ្ឋអាមេរិក និងការរំពឹងទុក សម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការ សហប្រជាជាតិ។ រដ្ឋមន្ត្រីទាំងពីរក៏បានលើកឡើង ពីភាពតានតឹងនៅឧបទ្វីបកូរ៉េ និងជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ផងដែរ។
អ្នកការទូតកំពូលទាំងពីរ ក៏បានពិភាក្សាយ៉ាង ស៊ីជម្រៅអំពីការអនុវត្តកិច្ចព្រមព្រៀង ដែលធ្វើឡើងដោយប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin និងសមភាគីចិន លោក Xi Jinping ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកគេ នៅទីក្រុងមូស្គូក្នុងខែឧសភាកន្លងមកដែរ។
ក្រសួងបានដកស្រង់សម្តីលោក Wang ដែលបាននិយាយថា ការផ្តោតសំខាន់នាពេលបច្ចុប្បន្ន គឺដើម្បីរួមគ្នារៀបចំ សម្រាប់កិច្ចប្រជុំកម្រិតខ្ពស់នាពេលអនាគត ពង្រឹងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្ត ជំរុញការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ និងរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈម ដែលនាំមកនូវភាពចលាចល និងការផ្លាស់ប្តូរពិភពលោក៕
ប្រែសម្រួល៖ស៊ុនលី
