ព័ត៌មានអន្តរជាតិ

តម្លៃមាសបានឡើង ដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលបីសប្តាហ៍ ខណៈដែលលោក Trump ពង្រីកសង្រ្គាមពាណិជ្ជកម្ម

Xinhua

បរទេស៖ នៅថ្ងៃចន្ទនេះ តម្លៃមាសបានឡើងដល់កម្រិតខ្ពស់រយៈពេលបីសប្តាហ៍ ដែលត្រូវបានគាំទ្រដោយតម្រូវការសុវត្ថិភាព បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បានគំរាមយកពន្ធ 30% លើការនាំចូលពីសហភាពអឺរ៉ុប និងប្រទេសម៉ិកស៊ិក។

យោងតាមគេហទំព័រ MSN បានឱ្យដឹងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះថា   មាស បានកើនឡើង 0.2% គឺនៅតម្លៃ ៣.៣៦១,១៩ដុល្លារ ក្នុងមួយអោន បន្ទាប់ពីឡើងដល់ចំណុចខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ២៣ ខែមិថុនាមុនក្នុងវគ្គជួញដូរ។ អនាគតមាសរបស់សហរដ្ឋអាមេរិកបានកើនឡើង 0.4% ដល់ ៣.៣៧៦ ដុល្លារ។

អ្នកវិភាគទីផ្សារជាន់ខ្ពស់របស់ក្រុមហ៊ុនហិរញ្ញវត្ថុ OANDA លោក Kelvin Wong បាននិយាយថា “យើងកំពុងមើលឃើញតម្រូវការសុវត្ថិភាពក្នុងស្ថានការណ៍កំពុងពិភាក្សា ដោយសារតែភាពមិនច្បាស់លាស់នេះលើការអនុវត្តគោលនយោបាយពន្ធលើពាណិជ្ជកម្មសកលរបស់សហរដ្ឋអាមេរិក” ។

“ទស្សនវិស័យរយៈពេលខ្លីមើលទៅមានលក្ខណៈវិជ្ជមានសម្រាប់មាស ហើយប្រសិនបើតម្លៃមាសអាចមានការបិទប្រចាំថ្ងៃលើសពី ៣.៣៦០ដុល្លារ វាអាចមានសក្តានុពលកើនឡើងខ្ពស់ឆ្ពោះទៅរកកម្រិត Resistance បន្ទាប់នៅតម្លៃ ៣.៤៣៥ ដុល្លារ”។

លោក Trump កាលពីថ្ងៃសៅរ៍បានគំរាមដាក់ពន្ធ 30% លើការនាំចូលពីម៉ិកស៊ិក និងសហភាពអឺរ៉ុប ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា បន្ទាប់ពីការចរចាជាច្រើនសប្តាហ៍ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top